នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាស្នងការ នគរបាលខេត្តស្ទឹងត្រែង ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ស្ទឹងត្រែង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ដែលទើបឡើងកាន់តំណែង ជាស្នងការនគរបាលខេត្តស្ទឹងត្រែង ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសគ្រឿងញៀន ដែលជាបញ្ហាប្រឈមសកល ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលាខេត្តស្ទឹងត្រែង នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ដោយសារតែភូមិសាស្ដ្រខេត្តស្ទឹងត្រែង មានព្រំប្រទល់ជាប់ប្រទេសជិតខាង ដូច្នេះក្រុមឧក្រិដ្ឋជនតែងលួចនាំយកគ្រឿងញៀនឆ្លងកាត់ បើទោះបីកន្លងទៅមានការបង្ក្រាបបានជាបន្ដបន្ទាប់ ប៉ុន្ដែត្រូវបន្ដយកចិត្តទុកដាក់បន្ថែមទៀត ខណៈស្នងការថ្មីក៏មានជំនាញលើការងារនេះ។

ក្រៅពីបញ្ហាគ្រឿងញៀន នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យពង្រឹងយកចិត្តទុកដាក់បង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រទេស ក្នុងនោះមានទាំង ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស រត់ពន្ធទំនិញគេចពន្ធ និងទំនិញក្លែងក្លាយជាដើម។ លើសពីនេះ ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មាន និងរឹតចំណងមិត្តភាពជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

លើសពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការស្នងការ បានក្រើនរំលឹកឲ្យពង្រឹងវិន័យកងកម្លាំង សិលធម៌ វិជ្ជាជីវៈ ក្នុងនោះមន្រ្តីមានស្នាដៃត្រូវលើកសរសើរជូនរង្វាន់ មន្ដ្រីមានកំហុសត្រូវអនុវត្តវិន័យកងកម្លាំង ករណីមានកំហុសធ្ងន់ធ្ងរអនុវត្តតាមច្បាប់ ដោយមានការប្រជុំក្រុមប្រឹក្សាវិន័យច្បាស់លាស់។ ទន្ទឹមនោះត្រូវមានសាមគ្គីភាពផ្ទៃក្នុង ហាមដាច់ខាតការបែងចែកបក្សពួក ត្រូវរួមគ្នាគិត រួមគ្នាធ្វើសំដៅរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងត្រូវចេះគិតគូអំពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមឱវាទ មិនត្រូវទុកពួកគាត់ចោលនៅពេលមានជំងឺឈឺថ្នាត់នោះឡើយ។

នាយឧត្តមសេនីយ៍ ស ថេត ក៏ជំរុញឲ្យយកចិត្តទុកដាក់ និងរួមគ្នាទប់ស្កាត់បទល្មើសអនឡាញ និងកម្ចីការប្រាក់ខ្ពស់ខុសច្បាប់ ករណីបានជួបត្រូវរាយការណ៍បន្ទាន់ជូនសមត្ដកិច្ច ដើម្បីទប់ស្កាត់បានទាន់ពេលវេលា។ ខណៈក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ។

នាយឧត្តមសេនីយ៍ បានណែនាំឲ្យពង្រឹងការងារអ្នកនាំពាក្យ ត្រូវធ្វើការបកស្រាយបំភ្លឺឲ្យបានទាន់ពេលវេលា ជៀសវាងមានការភាន់ច្រឡំពីមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋ ហើយត្រូវបង្កើនការផ្សព្វផ្សាយអំពីសកម្មភាព មិងស្នាដៃរបស់កងកម្លាំងក្នុងការងារបម្រើប្រជាពលរដ្ឋ៕
