ព័ត៌មានជាតិ

កម្ពុជា-ថៃ ឯកភាពចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅភូមិជោគជ័យ និងព្រៃចាន់

ភ្នំពេញ ៖ កម្ពុជានិងថៃ បានយល់ព្រមឯកភាពគ្នា ក្នុងការចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង ក្នុងកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ របស់កម្ពុជា ទល់នឹងភូមិណងចាន់របស់ថៃ និងតំបន់ភូមិព្រៃចាន់ និងណងយ៉ាកែវ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផល នៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ប្រទេសថៃ នាថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥បានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដី ជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ គឺភាគីទាំងពីរបានឯកភាព ពិនិត្យកែសម្រួលបញ្ចប់ បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់ វែងរួមគ្នា និង បោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែន អាទិភាពនៅចន្លោះ បង្គោលលេខ 42-479 ។

សេចក្តីប្រកាសបន្តថា បន្ទាប់ពីបញ្ចប់ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការ យល់ព្រមពីរាជរដ្ឋាភិបាលរៀងៗខ្លួន ភាគីទាំងពីរ នឹងស្នើសុំយោបល់ ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេច លើការបង្កើតយន្តការ សមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ។
សេចក្តីប្រកាសដដែលឲ្យដឹងទៀតថា ការបោះបង្គោល បណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណង បម្រើឲ្យការ វាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែ ព្រំដែនអន្តរជាតិកម្ពុជា-ថៃ ។

ភាគីទាំងពីរបានឯកភាព សម្របសម្រួលណែនាំដ ល់អាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងយោធា និង ជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំង ដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀត នៅក្នុងតំបន់នេះ ហើយត្រូវធានា សុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ ២០០០៕

To Top