ព័ត៌មានជាតិ

លោក ហួត​ ហាក់ ៖ UNDP ពេញចិត្តនឹងលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ កន្លងមកជាមួយ ក្រសួងទេស ចរណ៍ ដោយសន្យាបន្តជួយ ក្នុងគម្រោងថ្មីៗថែមទៀត

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានគូសបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ពេញចិត្តនឹងលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ កន្លងមកជាមួយក្រសួងទេសចរណ៍ ដោយសន្យាបន្តជួយក្នុង គម្រោងថ្មីៗ បន្ថែមជាច្រើនទៀត ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ អនុញ្ញាតជូនលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈគម្រោងអភិវឌ្ឍន៍កន្លងមក និងគម្រោងថ្មីៗ បន្តទៀត នៅទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កាជាដៃគូរអភិវឌ្ឍន៍មិនអាចខ្វះបាន លោករដ្ឋមន្រ្តី ហួត ហាក់ បានសម្ដែងនូវការអបអរសាទរ ចំពោះលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) ដែលបានចូលកាន់តំណែង ជាតំណាង UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ UNDP ដែលតែងតែឈរជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាវិស័យអាទិភាពឱ្យប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន តាមរយៈគម្រោងអភិវឌ្ឍន៍ជាច្រើនកន្លងមក។

តាមរយៈជំនួបនេះ គូភាគី បានសម្តែង នូវការពេញចិត្តពីលទ្ធផល នៃកិច្ចសហប្រតិបត្តិកន្លងមក និងបានសម្រេចពង្រឹងភាព ជាដៃគូយុទ្ធសាស្រ្តបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀង អនុវត្តគម្រោង អភិវឌ្ឍទេសចរណ៍ថ្មីៗ បន្ថែមទៀត សំដៅជំរុញ និងអភិវឌ្ឍ វិស័យទេសចរណ៍ ឱ្យប្រកបដោយនិរន្តភាព និងជួយថែរក្សាបរិស្ថាន ដោយផ្តោតលើការ កាត់បន្ថយផ្លាសិ្ទក និងការអភិវឌ្ឍអេកូទេសចរណ៍ ប្រកបដោយនិរន្តរភាពនៅតំបន់ឆ្នេរ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top