ព័ត៌មានជាតិ

តុលាការ ឃុំខ្លួនមេខ្លោង ជនជាតិ ឥណ្ឌូណេស៊ី៣នាក់ ពីបទឆបោក

ភ្នំពេញ ៖ លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃ២២ តុលា បានចេញដីកាបង្គាប់ ឱ្យឃុំខ្លួនមុខសញ្ញាមេខ្លោង ជនជាតិឥណ្ឌូណេស៊ីចំនួន៣នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោស។

បុរសជនជាតិឥណ្ឌូណេស៊ីទាំង៣នាក់នេះ ៖ ទី១-ឈ្មោះ KRISTOFORUS MUDA SOGE , ២-ឈ្មោះ HERLAM និង៣-ឈ្មោះ YOSSA FATHUR RIZIQ ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដើម្បីបន្តនីតិវិធីរបស់តុលាការ ។
ជនត្រូវចោទទាំង៣នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) បទល្មើសព្រហ្មទណ្ឌ ដែលបានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិ មាត្រា៣៧៧, មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទទាំង៣នាក់នេះ ស្ថិតក្នុងចំណោមជនបរទេសចំនួន១៧នាក់ (ជនជាតិវៀតណាម១៤នាក់, ស្ត្រី៣នាក់) ដែលសមត្ថកិច្ចបានឃាត់ខ្លួនពេលចុះប្រតិបត្តិការត្រួតពិនិត្យ ទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅទីតាំងសណ្ឋាគារ OCEAN HOTEL ផ្លូវលេខ០៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនោះ កំលាំងសមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងរួមមានកុំព្យូទ័រ (ALL in One) ចំនួន១៣១ គ្រឿង , ម៉ូនីទ័រ ចំនួន១ គ្រឿង , ទូរស័ព្ទចំនួន២១៥ គ្រឿង , laptop ចំនួន ១ គ្រឿង។

សូមបញ្ជាក់ជូនថា ទីតាំងខាងលើត្រូវបានក្រុមឧក្រិដ្ឋជន ប្រើប្រាស់សម្រាប់ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជាការវិនិយោគ និងឆបោកស្នេហា មានគោលដៅទៅប្រទេសផ្សេងៗ៕

To Top