កិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ លើកទី២ កំពុងប្រព្រឹត្តទៅ នៅម៉ាឡេស៊ី

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ កម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំពិសេស លើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ ។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និង ជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

សូមបញ្ជាក់ថា កិច្ចប្រជុំពិសេស លើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ គឺធ្វើបន្តពីកិច្ចប្រជុំ ពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នា ដែលសម្រេចនៅ ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។

សម្រាប់កិច្ចប្រជុំនេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាពេលនេះនឹង ទទួលបានលទ្ធផល ជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឲ្យភាគីទាំងពីរ អាចបន្តជំរុញការ អនុវត្តបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាព ពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅ រកប្រក្រតីភាពវិញ បានឆាប់រហ័ស៕






