ព័ត៌មានជាតិ

បង្រ្កាបករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ បន្ទាប់ពីមានជនរងគ្រោះជាច្រើននាក់ បានមកដាក់ពាក្យបណ្ដឹង ។

ប្រតិបត្តការនេះ ធ្វើឡើងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមប្រព័ន្ធអនឡាញ ។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ព.ដ.ន ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់ បានថា ជនសង្ស័យរូបនេះ ត្រូវបានជនអនាមិកអូសទាញឱ្យធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់តាមគណនីធនាគារ ជាបន្ដបន្ទាប់ ហើយបានទទួលផលប្រយោជន៍ ពីអំពើទុច្ចរិតនេះ។

ក្នុងនោះដែលគណនីហ្វេសប៊ុក របស់ជនអនាមិកនៅតែបន្ដបង្ហោះផ្សព្វផ្សាយទិញ-លក់ទូរស័ព្ទ និងស្វែងរកអ្នកចូលរួមធ្វើសកម្មភាពទទួលប្រាក់ និងតបឆាត តាមរយៈលេខទូរស័ព្ទ ០៩៦ ៦៦០ ០៣២៥, ០៩៦ ៧៨៣ ៩៧២៥ និងបានឱ្យQR Codeរបស់គណនីធនាគារផ្សេងៗ តាមបណ្ដាញសង្គមនានា ក្នុងគោលបំណងជ្រើរើសបុគ្គលិក សម្រាប់ការងារ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

នាយកដ្ឋាន ក៏បានក្រើនរំលឹក ដល់សារធារណជន សូមប្រុងប្រយ័ត្នខ្ពស់ ពីការផ្ដល់ឱកាសការងារ តាមអនឡាញ ដែលមិនស្គាល់ប្រភពច្បាស់លាស់ អាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូល អូសទាញ រហូតក្លាយជាអ្នកទទួលផល នៃបទល្មើសផ្សេងៗ និងត្រូវទទួលទោស តាមផ្លូវច្បាប់ជាធរមាន៕

To Top