ព័ត៌មានជាតិ

លោក ជា ធីរិទ្ធ ៖ អ្នកខ្លះរិះគន់រឿង ដោះស្រាយព្រំដែន មិនគួរបញ្ចេញមតិទាមទារ ឲ្យរដ្ឋាភិបាល ប្រាប់គ្រប់យ៉ាងទេ

ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានលើកឡើងថា បុគ្គលមួយចំនួនដែលរិះគន់រឿងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ មិនគួរណាទាមទារឲ្យរាជរដ្ឋាភិបាល ត្រូវតែប្រាប់គ្រប់យ៉ាងនោះទេ ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២៣ តុលា នេះបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែមានប្រសាសន៍ថា ការអត់ធ្មត់ តែសកម្ម ក៏ជាអាវុធ ដ៏មានឥទ្ធិពលមួយបែបដែរ ដើម្បីទប់ទល់នឹងការឈ្លានពាន។

លោកថា ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីវិញក៏លើកឡើងស្រដៀងសម្តេចតេជោដែរថា ស្ងៀមស្ងាត់ ស្ងាត់តែមិនស្ងៀម ជាអភិក្រមដោះស្រាយជម្លោះ ដើម្បីការពារទឹកដីមាននិរន្តរភាព។

ដូច្នេះអ្នកនាំពាក្យបានលើកជាសំណូមពរថា “សូមបងប្អូនខ្លះដែលរិះគន់សូមពិចារណាថា ក្នុងពេលកំពុងដោះស្រាយបញ្ហាព្រំដែន ការពារទឹកដី វាមិនគួរជាពេលដែលបងប្អូនត្រូវលើកឡើងពីទឡ្ហីករណ៍ សិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ ទាមទារឲ្យរដ្ឋាភិបាលត្រូវតែប្រាប់បងប្អូនគ្រប់បែបយ៉ាងនោះទេ” ។

លោកបន្តថា ព្រោះការដោះស្រាយរឿង ទឹកដី មិនដូចជាដោះស្រាយរឿងសិទ្ធិបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យនោះឡើយ។ រាល់សកម្មភាពជាជំហានៗ របស់រាជរដ្ឋាភិបាល សុទ្ធតែជាយុទ្ធសាស្រ្តប្រកប ដោយការទទួលខុសត្រូវ ចំពោះវាសនាប្រទេសជាតិ ដើម្បីការពារដីដូនតា។

លោក ជា ធីរិទ្ធ បន្ថែមថា ទោះបីជាប្រជាពលរដ្ឋស្ថិតក្នុងនិន្នាការណា ក៏ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ហើយថ្នាក់ដឹកនាំរាចរដ្ឋាភិបាល អ្នកគាំទ្របក្សប្រជាជនកម្ពុជា ក៏ស្រឡាញ់ទឹកដីដូចគ្នាដែរ ។ ដូច្នេះបើសុទ្ធតែស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីដូនតាដូចគ្នា ក្នុងពេលនេះ គប្បីសាមគ្គីគ្នា ឆ្ពោះទៅគោលដៅរួម គឺប្រឆាំងការឈ្លានពានដីដូនតា ពីសំណាក់ប្រទេសជិតខាង ៕

To Top