អ្នកឧកញ៉ា ទៀ វិចិត្រ ចាត់តំណាង នាំយកថវិកា៤លានរៀល ចូលរួមរំលែកទុក្ខបុណ្យសព កងទ័ពជើងទឹកម្នាក់ ស្លាប់ក្នុងឱបទ្ទវហេតុឱម៉ាល់ទិច

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់តំណាង នាំយកថវិកាចំនួន ៤លានរៀល ទៅចូលរួមរំលែកទុក្ខបុណ្យសព កងទ័ពជើងទឹក វរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ ម្នាក់ ដែលបានស្លាប់ដោយសត្វឱម៉ាល់ទិចប្រមាណជា៣០មេ។
យោងតាមព័ត៌មានបឋម ជនរងគ្រោះបានស្លាប់ ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
សុំបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង និងក្រុមការងារចេញទៅក្រុងកោះរ៉ុង ដើម្បីជួយបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចជួយបាន ជនរងគ្រោះក៏បានបាត់បង់ជីវិត។
ជនរងគ្រោះឋានន្តរស័កអនុនាវីទោ ឈ្មោះ កែវ សុបេន អាយុ ៣១ឆ្នាំ វរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ បច្ចុប្បន្នត្រូវបានក្រុមការងាររបស់អ្នកឧកញ្ញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រទៅក្រុងកោះរ៉ុងវិញ ដើម្បីជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីយ៌៕





