ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួននាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរ ហើយដកកាំភ្លើង វាយក្បាលក្មេងស្រី

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមិនទទួលខុសត្រូវ និងថែមទាំងប្រើហិង្សាទៀតផង ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ីបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ថា ករណីគ្រោះថ្នាក់ចរាចរបង្កហិង្សា ចំពោះលើក្មេងស្រីម្នាក់ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ចំណុចខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ។

លោកថា ដោយបានការសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន បុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។

អ្នកនាំពាក្យបញ្ជាក់ថា កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះ ស្របតាមទិសស្លោក “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ។

កងរាជអាវុធហត្ថបានទំនាក់ទំនងជាក្មួយស្រី នឹងទទួលខុសត្រូវចេញថ្លៃព្យាបាល ជូនក្មួយស្រីដែលរងរបួស ៕

To Top