ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បំពាក់គ្រឿងឥស្សរិយយស ការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៃខេត្តកំពង់ស្ពឺ ជាង ១៣០០នាក់

កំពង់ស្ពឺ៖ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៃខេត្តកំពង់ស្ពឺចំនួន១៣១៤នាក់ នៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ។

ផ្អែកលើរបាយការណ៍របស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឃើញថា ខេត្តកំពង់ស្ពឺទាំងមូលមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំមានការ រីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងឯកជន ព្រមទាំងលទ្ធផលសិក្សាដ៏ល្អ របស់សិស្សពីមួយឆ្នាំទៅមួយឆ្នាំ ។

លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើតួនាទីនិងការខិតខំយកចិត្តទុកដាក់ខ្ពស់របស់បុគ្គលិកអប់រំ គ្រូបង្រៀន ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស និងការចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនថាតែក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ប៉ុន្តែក្នុងក្របខ័ណ្ឌទូទាំងប្រទេសផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសពិត ជាត្រូវពឹងផ្អែកលើគ្រប់វិស័យទាំងអស់ ដែលយើងត្រូវធ្វើការស្រុះគ្នា តាមតួនាទីភារកិច្ចរៀងៗខ្លួន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ៕


