ព័ត៌មានជាតិ

កម្ពុជា បញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ទម្រង់

ភ្នំពេញ ៖ តាមរយៈសេចក្ដីសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ តុលា នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាម ប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពបុគ្គល ។

បើតាមសេចក្ដីថ្លែងការណ៍ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា សម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋជន និង នាំខ្លួនជនល្មើសមកផ្តន្ទាទោស។

ការទទួលស្គាល់ភាពស្មុគស្មាញ នៃបញ្ហាប្រឈម ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន កំពុងរីករាលដាលកាន់តែខ្លាំងឡើងដោយឆ្លងកាត់ព្រំដែន ប្រទេស ហើយប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។ បណ្តាញឧក្រិដ្ឋកម្មទាំងនោះ ធ្វើប្រតិបត្តិការឆ្លងដែន សមត្ថកិច្ចផ្សេងគ្នាជាច្រើន ប្រើប្រាស់សារទាក់ទងសម្ងាត់ (តាមរយៈកូដនីយកម្ម) រូបិយប័ណ្ណឌីជីថល និងខ្សែ សង្វាក់ជ្រើសរើស ពលកម្មឆ្លងប្រទេស ដែលធ្វើអោយពិបាកបែងចែក ពីភាពខុសគ្នារវាងជនរងគ្រោះ និងជន ប្រព្រឹត្តបទល្មើស។ បុគ្គលជាច្រើនរូបដែលជាប់នៅក្នុងទីតាំងឆបោក គឺជាជនរងគ្រោះនៃអំពើជួញដូរ និងការ បង្ខិតបង្ខំ។

លើសពីនេះ កម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបែងចែកអោយដាច់រវាងជនរងគ្រោះពិតប្រាកដ និងឧក្រិដ្ឋជន ដោយធានាថា វិធានការឆ្លើយតបនានា មានលក្ខណៈមនុស្សធម៌ សមាមាត្រ និងយុត្តិធម៌។ កម្ពុជា គូសបញ្ជាក់ផងដែរថា «ព័ត៌មានបំផ្លើសឬបំភ័ន្ត អាចបង្កអោយមានការ មាក់ងាយយ៉ាងអយុត្តិធម៌ទៅលើពលករ និងអ្នកចំណាកស្រុកធ្វើការងារ។ ហេតុដូចនេះ កម្ពុជា សូមអំពាវនាវ ឱ្យមានការផ្សព្វផ្សាយព័ត៌មានប្រកបដោយ ការទទួលខុសត្រូវនិងភាពពិតប្រាកដ ដែលគាំទ្រដល់ការអនុវត្តច្បាប់ ហើយការពារជនដែលងាយរងគ្រោះ»៕

To Top