ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ ស្នើឱ្យម្ចាស់ហ្វេសប៊ុកឈ្មោះ «ស្វាយរៀងខេត្តខ្ញុំ» លុបវីដេអូចាស់ទាក់ទង នឹងករណីកម្មករ នៅរោងចក្រថូនវីន ព្រោះបានដោះស្រាយរួចរាល់ហើយ

ការិយាល័យអ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្វាយរៀងខេត្តខ្ញុំ» សូមលុបវីដេអូចាស់ទាក់ទង នឹងការតវ៉ា របស់កម្មករ-កម្មការិនី នៅរោងចក្រថូនវីន ជាបន្ទាន់ ព្រោះករណីនេះត្រូវបានដោះស្រាយចប់រួចរាល់ហើយ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២៤ ខែតុលានេះថា ចំពោះករណីការតវ៉ា របស់បងប្អូនកម្មករ-កម្មការនី នៅរោងចក្រថូនវីន គឺត្រូវបានមន្ត្រីជំនាញ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយអាជ្ញាធរមូលដ្ឋាន ដោះស្រាយចប់រួចរាល់ហើយ ។

ដូច្នេះ អ្នកនាំពាក្យក្រសួងការងារ បានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្វាយរៀងខេត្តខ្ញុំ» លុបចេញវីដេអូចាស់ដែលខ្លួនបង្ហោះ កាលពីថ្ងៃទី២៣ ខែតុលានោះ ចេញជាបន្ទាន់ ដើម្បីចៀសវាងកុំឱ្យមានការភាន់ច្រឡំ ដល់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត។

ជាមួយគ្នានេះ លោក ស៊ុន មេសា ក៏បានស្នើឱ្យអ្នកប្រើប្រាស់បណ្ដាញ សង្គមផ្សេងទៀត សូមកុំចែករំលែកវីដេអូនោះបន្ត ព្រោះជាករណីចាស់ ដែលត្រូវបានដោះស្រាយរួចរាល់ហើយ ដើម្បីចៀសវាងកុំឱ្យមានការភាន់ច្រឡំ ដល់អ្នកដទៃទៀត៕

To Top