ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ប្រកាសសាលារៀនចំនួន៦ ឈ្នះជ័យលាភី «សាលាមេត្រីបរិស្ថាន លើកទី៥ ឆ្នាំ២០២៥»

ភ្នំពេញ ៖ នៅថ្ងៃទី ទី២៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំពិធីប្រកាសជ័យលាភី «សាលាមេត្រីបរិស្ថានលើកទី៥ ឆ្នាំ២០២៥» នៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់សាលារៀន ក្នុងការអនុវត្តគោលការណ៍ណែនាំ ស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា។

សាលារៀន ដែលជាប់ជ័យលាភីមានចំនួន៦ ក្នុងចំណោមសាលារៀនចំនួន ៣៥ នៅទូទាំងប្រទេស ដែលរួមមានវិទ្យាល័យ ចំនួន២ អនុវិទ្យាល័យចំនួន ២ និងលាលាបឋមសិក្សាចំនួន ២ សាលា ។ ក្នុងនោះក្រសួងបរិស្ថាន បានកំណត់នូវប្រភេទពានរង្វាន់ ជូនសាលារៀនទាំង ៦ ដែលជាម្ចាស់ជ័យលាភីរួមមាន៖ ពានជ័យលាភីកម្រិតមាស ចំនួន ២ សាលារៀន។ ពានជ័យលាភីកម្រិតប្រាក់ ចំនួន ០២ សាលារៀន និងពានជ័យលាភីកម្រិតសំរិទ្ធមានចំនួន ០២ សាលារៀន ។

លើសពីនេះ ក្រសួងបរិស្ថាន ក៏បានការលើកទឹកចិត្តបន្ថែម ដោយបានប្រគល់ បណ្ណសរសើរមេត្រីបរិស្ថាន ជូនដល់សាលារៀនចំនួន ២៩ ផ្សេងទៀត និងប្រគល់បណ្ណសរសើរ លិខិតសរសើរដល់នីតិបុគ្គល និងរូបវ័ន្តបុគ្គលដែលបានចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មកពីវិស័យឯកជន ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនអ្នកស្រឡាញ់បរិស្ថាន មួយចំនួនផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែង សេចក្តីសោមនស្សរីករាយ និងអបអរសាទរដល់សាលារៀនទាំងពីរ កម្រិតដែលទទួលបានជ័យលាភី ដោយលើកទឹកចិត្តសាលារៀន ដែលមិនទាន់ជាប់ ឱ្យបន្តការខិតខំប្រឹងប្រែងដើម្បីបុព្វហេតុនិរន្តរភាពបរិស្ថាន និងការបណ្តុះបណ្តាលយុវជនស្របតាមសសរត្ថម្ភ ៣នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺ ភាពស្អាត ភាពបៃតង និងចីរភាព នៅតាមសាលារៀន និងនៅក្នុងសហគមន៍ជុំវិញ ផ្តើមចេញពីភាពស្អាត និងភាពបៃតង នៅក្នុងចិត្តរបស់យើងម្នាក់ៗជាមុន។

សូមជម្រាបជូនថា «សាលាមេត្រីបរិស្ថាន» គឺជាសាលាដែលលើកកម្ពស់គុណតម្លៃ នៃការអនុវត្តចីរភាពបរិស្ថាន តាមរយៈការកសាងជាសាលា ស្អាត បៃតង និងមានបរិយាកាសសិក្សាល្អ សម្រាប់បម្រើដល់ផលប្រយោជន៍របស់សាលារៀន សហគមន៍ និងសង្គមទាំងមូល។ ការប្រឡងប្រណាំងនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ពីរឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០១៧ មក៕

To Top