ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ គ្រប់ស្ថានភាព ថែទាំព្យាបាល ត្រូវសួរសំណួរពីភាព ហ្មត់ចត់បច្ចេកទេស

ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានក្រើនរំលឹកថា នៅគ្រប់ស្ថានភាពថែទាំព្យាបាល ត្រូវតែសួរសំណួរពីរគឺ ៖ តើភាពហ្មត់ចត់បច្ចេកទេស ប្រកាន់ខ្ជាប់បានឫទេ? តើកម្រិតយកចិត្តទុកដាក់ ត្រូវបានភ្លេចឫទេ?» ។

នេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តី ក្នុងពិធីបើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងថែទាំវេជ្ជសាស្ត្រលើកទី១ ឆ្នាំ២០២៥ ក្រោមមូលបទ៖ «សាមគ្គីភាពក្នុងវិស័យសុខាភិបាល ការលើកកម្ពស់គុណភាពព្យាបាល ព្រមទាំងការថែទាំតាមរយៈនវានុវត្តន៍ និងកិច្ចសហការ» មន្ទីរពេទ្យជាតិតេជោសន្ដិភាព កាលពីថ្ងៃ២៣ តុលា ។

ក្នុងឱកាសនោះសាស្រ្តាចារ្យ បានកោតសរសើរភាពរីកច្រើនរបស់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងបន្តណែនាំដល់ឱ្យមន្រ្តីសុខាភិបាល ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំប្រឹងប្រែងពុះពារ ជាពិសេសការបម្រើសេវាពិនិត្យថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធភាព និងសមធម៌។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ចំណុចសំខាន់ៗ មួយចំនួនដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកនៃសុខាភិបាលទាំងអស់ ៖ ១) ត្រូវបង្កើនការងារទំនាក់ទំនងគ្នាឱ្យបានជិតស្និត ជាពិសេសអ្នកជំងឺតែម្តង , ២) ត្រូវបង្កើនការផ្សារភ្ជាប់ជាមួយសហភារតៈ ដោយថ្នាក់ដឹកនាំ ត្រូវចុះទៅដល់ផ្នែកជួបជាប់ផ្ទាល់ជាមួយមន្រ្តីសុខាភិបាល ដឹងសុខទុក្ខជាមន្រ្តីរបស់ខ្លួន និងសុខទុក្ខអ្នកជំងឺ និងត្រូវដាក់ចេញនូវការធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា និងត្រឹមត្រូវ។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ណែនាំថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដោយត្រូវមានបុរេសកម្ម នវានុវត្តន៍ សាមគ្គីភាព ក្នុងការបម្រើសេវាប្រកបដោយ គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ , ការព្យាបាល ត្រូវគិតពីសុវត្ថិភាពអ្នកជំងឺជាចំបង , បង្កើនការយកចិត្តទុកដាក់ព្យាបាលថែទាំអ្នកជំងឺ ដោយចាត់ទុកអ្នកជំងឺជាសាច់ញ្ញាតិរបស់ខ្លួន និងផ្ដល់ព័ត៌មានស្តីពីការវិវត្តជំងឺដល់គ្រួសារអ្នកជំងឺ ចៀសវាងការព្យាបាលណាមួយ ដែលគ្រួសារអ្នកជំងឺមិនបានដឹង។

សាស្ត្រាចារ្យក៏បានឆ្លៀតគូសរំលេចពាក្យគន្លឹះនិងគួរចង់ចាំ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ថា មន្ទីរពេទ្យជាបេះដូងដែលរស់រវើក ហើយផ្គុំដោយភាពប្រសើរ និងតម្កល់នូវកិត្តិយសឱ្យកាន់តែឆ្ពោះទៅមុខ ហើយត្រូវផ្សារភ្ជាប់ជាមួយគោលនយោបាយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវមានចក្ខុវិស័យនៃទំនើបកម្ម សមភាព និងមនុស្សធម៌៕

To Top