ព័ត៌មានជាតិ

កងទ័ពជើងគោក កម្ពុជា-សិង្ហបុរី នឹងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ អគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូ​ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសិង្ហបុរី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលជួបសម្តែងការគួរសមជាមួយ លោក DESMOND CHOO រដ្ឋលេខាធិការក្រសួងការពារជាតិសិង្ហបុរី និងលោក ឧត្តមនាវីឯក AARON BENG អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី ព្រមទាំងបានជួបពិភាក្សាការងារទ្វេភាគី​ ជាមួយ លោក ឧត្តមសេនីយ៍ទោ CAI DEXIAN មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ឲ្យកាន់តែស៊ីជម្រៅ។

ដំណើរទស្សនកិច្ចរបស់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ទៅកាន់សិង្ហបុរីនាពេលនេះ ស្របពេលដែលឆ្នាំ២០២៥ គឺជាខួបអនុស្សាវរីយ៍៦០ឆ្នាំំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី៕

To Top