រាជរដ្ឋាភិបាល គ្រោងចំណាយថវិការដ្ឋ ចំនួន៤០ ៩១៣ប៊ីលានរៀល សម្រាប់ឆ្នាំ២០២៦ កើន៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥
ភ្នំពេញ៖ យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ តុលានេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល គ្រោងចំណាយថវិការដ្ឋ សរុបចំនួន ៤០ ៩១៣ ប៊ីលានរៀល ស្មើនឹង ១៨,៨៥% នៃ ផ.ស.ស. ឬកើនចំនួន ៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។
ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹង សមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាព នៃកិច្ចប្រតិបត្តិការ របស់ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្តអាទិភាព គោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៦ ជាពិសេសគាំទ្រការបន្តអនុវត្តកម្មវិធី គោលនយោបាយអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ និងអាទិភាពគន្លឹះទាំង៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីឆ្លើយតបទៅនឹងទិសដៅ នៃការអភិវឌ្ឍរបស់កម្ពុជា ក្នុងដំណាក់កាលថ្មី ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
ក្នុងនោះរាជរដ្ឋាភិបាល គ្រោងចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ ប៊ីលានរៀល ស្មើនឹង ១៨,៨៥% នៃ ផ.ស.ស. ឬកើនចំនួន ៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។ តាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០% សម្រាប់ឆ្នាំ២០២៦ ស្របពេល ដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣ ០២០ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ២ ៨៥៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។
កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យ ជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យឧស្សាហកម្ម ២. វិស័យសេវាកម្ម ៣. វិស័យកសិកម្ម ដែលបន្តគាំទ្រដោយ អនុវិស័យនេសាទ និងការចិញ្ចឹមសត្វ។ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨%៕
ដោយ៖ ដារាត់| ដើមអម្ពិល
