កម្ពុជា កំពុងចរចាកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធប្រាក់ចំណូល និងបង្ការការគេចវេះពន្ធ ជាមួយបណ្តាប្រទេសដទៃ
ភ្នំពេញ៖ កម្ពុជា បាននិងកំពុងចរចាកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ (Double Taxation Agreement- DTA) ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន អាស៊ានបូកបី និងបណ្តាប្រទេស ឬយុត្តាធិការមួយជំនួនទៀត ។
យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និងពិធីសារទី២ ដើម្បីធ្វើវិសោធនកម្ម លើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
ក្នុងនោះ កម្ពុជា បាននិងកំពុងចរចាកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ (Double Taxation Agreement- DTA) ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន អាស៊ានបូកបី និងបណ្តាប្រទេស ឬយុត្តាធិការមួយជំនួនទៀត ដោយផ្អែកលើលក្ខណវិនិច្ឆ័យចម្បង ដូចជាកាតព្វកិច្ចអន្តរជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេស ឬយុត្តាធិការដែលជាដៃគូវិនិយោគធំៗ និងតាមការស្នើសុំចរចា របស់បណ្តាប្រទេស ឬយុត្តាធិការទាំងនោះ ។
កិច្ចព្រមព្រៀង DTA នេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដែលជាការប៉ះប៉ូវវិញ ដល់ប្រទេសជាហត្ថលេខី ដូចជា ១. ការទាក់ទាញនឹងជំរុញវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ២. កំណើនមូលដ្ឋានពន្ធ ៣. រំហូរមូលធន ៤. ការផ្ទេរ បច្ចេកវិទ្យា និងជំនាញពីបរទេស តាមរយៈបទប្បញ្ញត្តិស្តីពីសួយសារ និងសេវាបច្ចេកទេស ៥.ការការពារនិវាសនជន កម្ពុជាដែលជាវិនិយោគិននៅបរទេស និង ៦.ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យពន្ធដារ ជាពិសេស ការទប់ស្កាត់ និងការបង្ក្រាបការគេចវេះពន្ធ តាមរយៈការផ្លាស់ប្តូរព័ត៌មាន របស់អ្នកជាប់ពន្ធ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល អះអាងថា កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ និងកម្ពុជា-ហ្វីលីពីន បានឆ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗ នៃគោលនយោបាយពន្ធដារអន្តរជាតិ និងច្បាប់និងបទប្បញ្ញត្តិ ស្តីពីពន្ធដាររបស់កម្ពុជា ក៏ដូចជាតាមលំនាំគំរូ អង្គការសហប្រជាជាតិ ដែលមានលក្ខណៈអំណោយផល ដល់ប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជា។ រហូតមកដល់ បច្ចុប្បន្ននេះ កម្ពុជា មានកិច្ចព្រមព្រៀង DTA ជាមួយប្រទេសនិងយុត្តាធិការ ចំនួន ១១ រួមមាន សិង្ហបុរី ចិន ព្រុយណេ ថៃ វៀតណាម ឥណ្ឌូណេស៊ី តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ តំបន់រដ្ឋបាល ពិសេសម៉ាកាវ និងតួកគី៕
ដោយ៖ ដារាត់| ដើមអម្ពិល
