អភិបាលខេត្តពោធិ៍សាត់ បន្តទទួលថវិកាបរិច្ចាក ពីព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការ វត្តហង្សាបិតិ ហៅវត្តព្រែកស្តី
ពោធិ៍សាត់÷ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកទី ២៤ ខែ តុលា ឆ្នាំ២០២៥ បានអញ្ជើញទទួលនូវថវិកាបរិច្ចាគ ពីព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការវត្តហង្សាបិតិ (ហៅវត្តព្រែកស្តី) ដើម្បីបន្តចូលរួមកសាងអគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ការប្រគេនថវិកាបន្តបន្ទាប់នេះ ធ្វើឡើងក្នុងគោលបំណង ជំរុញការកសាងអគារពហុព្យាបាល ដែលជាគម្រោង ដ៏សំខាន់សម្រាប់លើកកម្ពស់ វិស័យសុខាភិបាលសាធារណៈនៅក្នុងខេត្ត ។
ថវិកាដែលព្រះតេជគុណ នៅ សុគន្ធថៃ បានប្រគេន ជូនដល់រដ្ឋបាលខេត្តនាពេលនេះ គឺទទួលបានពីសទ្ធាជ្រះថ្លា របស់ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទទូទៅ ដែលបានលះបង់កត្តញ្ញូតាធម៌ និងថវិកាក្នុងពិធីបុណ្យនានានៅវត្តព្រែកស្តី។ នេះជាការបង្ហាញយ៉ាង ច្បាស់អំពីវីរៈភាព និងទឹកព្រះទ័យសប្បុរសធម៌របស់ព្រះអង្គ ដែលតែងតែគិតគូរ ដល់សុខុមាលភាព របស់ប្រជាពលរដ្ឋ និង សង្គមជាតិជានិច្ច តាមរយៈការបង្វែររាល់ទាន បរិច្ចាគទៅជាសមិទ្ធផល សម្រាប់ប្រយោជន៍រួម ។

ក្នុងឱកាសនោះ ព្រះតេជគុណ បានឧទ្ទិសកុសលផលបុណ្យទាំងអស់នេះ ជូនដល់ម្ចាស់ទានគ្រប់រូប ដែលបានចូលរួម លះបង់ថវិកាដ៏ថ្លៃថ្លា ឲ្យបានជួបតែសេចក្តី សុខចម្រើនគ្រប់ៗគ្នា។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះតេជគុណ នៅ សុគន្ធថៃ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមគាំទ្រ យ៉ាងសកម្មក្នុងការកសាង អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ ៥ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្ត ។ ឯកឧត្តមបានចាត់ទុកថា ការរួមចំណែកនេះ គឺ ជាកម្លាំងសាមគ្គីដ៏ធំធេង ក្នុងការអភិវឌ្ឍវិស័យ សុខភាពសាធារណៈ ដើម្បីផ្តល់សេវាថែទាំ និងព្យាបាលប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕



ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)
