ព័ត៌មានជាតិ

សន្និបាតបូកសរុបលទ្ធផល របស់មន្ទីរដែនដីខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាព មួយក្នុងចំណោម ការងារអាទិភាពដ៏ទៃទៀត នៅក្នុងមុំទី៤ នៃបញ្ចកោណទី៤ គឺការបន្តដំណើរការ កែទម្រង់ដីធ្លី  ដោយជម្រុញការចុះបញ្ជីដី,ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ, និងការកសាងផែនការ រៀបចំដែនដី និងនគរូបនីយកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លី អោយបានត្រឹមត្រូវចំទិសដៅ និងមានប្រសិទ្ធិភាព។នេះជាការលើកឡើងរបស់ លោកសុ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រាដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦នៅសាលប្រជុំ សាលាខេត្តមណ្ឌលគិរី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ ជាច្រើនរូបនៅក្នុងខេត្តមណ្ឌលគិរីផងដែរ ។

រដ្ឋលេខាធិការក្រសួងដែនដី បានបន្តណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ ត្រូវពង្រឹងគុណភាព នៃការចុះបញ្ជីដីរដ្ឋ និងសមូហភាពរបស់សហគមន៍ ជនជាតិដើមភាគតិច ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ និងការចុះបញ្ជីបន្ត ដើម្បីធានាដល់ចរន្ត ការឯកសារគ្រប់គ្រងបច្ចុប្បន្នភាព ព័ត៌មានដី និងចូលរួមចំណែកប្រមូល សេវាសុរិយោដី និងពន្ធប្រថាប់ត្រាជូនរដ្ឋ និងជំរុញការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដើម្បីអាចបង្កើតបាននូវ បរិយាកាសគ្មានវិវាទ ។

ជាមួយគ្នានោះ លោកបណ្ឌិត អ៊ុក ភ័ក្ដ្រា អភិបាលរងខេត្តថា ក្នុងរយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧ នៃរដ្ឋសភា រដ្ឋបាលខេត្តមណ្ឌលគិរី បានខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់ជម្រុញការអនុវត្តការងារសំខាន់ៗ មួយចំនួនជាអាទិភាពស្រប តាមគោលនយោបាយដាក់ចេញ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួមមាន៖

-បានកំណត់យកការចុះបញ្ជីដីបង្ហើយ ដែលជាការងារអាទិភាពចំពោះមុខ សំដៅបញ្ចប់ការងារវាស់វែងដីធ្លីនៅក្នុងខេត្ដ កែសម្រួលភាពមិនច្បាស់លាស់ កាត់បន្ថយជម្លោះលើព្រំដីកាន់កាប់ ផ្ដល់នូវសុវត្តិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្ត ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកសាងសង្គមសុខដុម ជាក់ស្ដែងក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាខេត្តមួយត្រូវបាន ប្រកាសតំបន់វិនិច្ឆ័យ ក្រោមយុទ្ធនាការចុះបញ្ជីដីធ្លី គាំទ្រដោយអន្តរក្រសួង រហូតបានសម្រេចលើភូមិទាំង ៩២ភូមិ ក្នុងខេត្ត។

លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយាដីខេត្ត បានឲ្យដឹងថា មន្ទីរ បានចុះចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិសាស្ត្រ ស្រុកកែវសីមា ស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចំនួន ២៣ភូមិ។ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋសរុបចំនួន ៣៥០០បណ្ណ។ លោក បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ បន្តចូលរួមសហការ គាំទ្រក្នុងដំណើរ បេសកកម្មរបស់មន្ទីរ ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីសម្រេចបានគោលដៅតាមផែនការ គឺការចុះបញ្ជីបញ្ចប់ និងបន្តចូលរួមសហការ និងផ្តល់ទិន្នន័យក្នុងការកសាង ប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង/ស្រុក និងផែនការប្រើប្រាស់ដីថ្នាក់ឃុំ/សង្កាត់ ឲ្យបានពេញលេញ ៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top