ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី ផ្អាកប្រណាំងទូក ប៉ុន្តែបន្តរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៥

មណ្ឌលគិរី: រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញសេចក្តីណែនាំលេខ ០០៥/២៥ សណន ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ស្តីពី ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ក្នុងខេត្តមណ្ឌលគិរី។

តាមសេចក្តីណែនាំនេះ រដ្ឋបាលខេត្តបានអនុវត្តតាមសារាចរណែ របស់រាជរដ្ឋាភិបាលលេខ ១៥ សរ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ ដែលបានផ្អាកការរៀបចំព្រះរាជពិធីអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ នៅរាជធានីភ្នំពេញ ដោយសារប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងស្ថានភាពតានតឹង ព្រំដែនជាមួយប្រទេសថៃ។

ទោះជាយ៉ាងណា ដើម្បីបន្តរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជនខ្មែរ និងអបអរសាទរបុណ្យប្រពៃណីជាតិនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានសម្រេចបន្តរៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ តែបែបសាមញ្ញ និងមានសុវត្ថិភាព។

ក្នុងនោះ រដ្ឋបាលខេត្តបានកំណត់វិធានការ សំខាន់ៗដូចខាងក្រោម៖

1-ផ្អាកការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤, ៥ និង ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។

2-មន្ទីរ និងអង្គភាពជុំវិញខេត្ត ត្រូវរៀបចំសម្អាត តុបតែងភ្លើងពណ៌ និងប្រទីបនៅតាមទីតាំងសាធារណៈ។

3-មន្ទីរពាណិជ្ជកម្ម និងកសិកម្ម ត្រូវសហការជាមួយសភាពាណិជ្ជកម្មក្នុងខេត្ត ដើម្បីរៀបចំពិព័រណ៍ ផលិតផលកសិផល និងម្ហូបអាហារ។

4-រដ្ឋបាលក្រុង និងស្រុកទាំង ៥ ត្រូវរៀបចំសម្លប្រូងចំនួន ១,០០០ បំពង់ឫស្សី (២០០ បំពង់ក្នុងមួយក្រុង/ស្រុក) សម្រាប់តាំងបង្ហាញអាហារជនជាតិដើមភាគតិច។

5-មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំការប្រគុំតន្ត្រីអបអរសាទរបុណ្យអុំទូក រយៈពេល ៣ ថ្ងៃ។

6-មន្ទីរព័ត៌មាន និងមន្ទីរទេសចរណ៍ ត្រូវផលិតមាតិកាផ្សព្វផ្សាយអំពីពិធីនេះឱ្យទូលំទូលាយ។

7-រដ្ឋបាលខេត្តនឹងរៀបចំបាញ់កាំជ្រួចអបអរសាទររយៈពេល ៣ ថ្ងៃ នៅសួនច្បារក្រុងសែនមនោរម្យ។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តបានស្នើឱ្យអង្គភាពទាំងអស់អនុវត្តសកម្មភាពទាំងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យព្រះរាជពិធីបុណ្យប្រពៃណីជាតិ ឆ្នាំ ២០២៥ មានសោភ័ណភាព និងជាសញ្ញានៃការរួបរួមជាតិ។

    ដោយ៖ ចាន់ បុត្រ | មណ្ឌលគិរី | ដើមអម្ពិល

    To Top