ព័ត៌មានជាតិ

កម្ពុជា និងហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ខណៈភាគីទាំងពីរ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត។

ក្នុងជំនួបនេះធ្វេីឡេីងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានរំលឹកឡើងវិញនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់ឯកឧត្តមប្រធានាធិបតី Marcos កាលពីខែកញ្ញាកន្លងទៅនេះ។

សម្ដេចបវរធិបតី បានថ្លែងអំណរគុណជូនហ្វីលីពីន បានគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធី លើជម្លោះព្រំដែនរវាង កម្ពុជា និងថៃ និងបានចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។

ព្រមជាមួយគ្នានោះ, សម្ដេចបវរធិបតី បានជម្រាបជូនថា ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានចុះហត្ថលេខារួចហើយ។ ក្នុងន័យនេះ, សម្ដេចបវរធិបតីសង្ឃឹមថា ហ្វីលីពីននឹងបន្តគាំទ្រ និងចូលរួមក្នុងយន្តការ AOT នេះ។

ជាការឆ្លើយតប លោកប្រធានាធិបតី ក៏បានសម្ដែងនូវក្ដីរីករាយដែលបានឃើញនូវការវិវត្តដ៏វិជ្ជមានក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ជាពិសេស ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនាថ្ងៃនេះ។

លោកប្រធានាធិបតី បានគូសបញ្ជាក់ថា ហ្វីលីពីននឹងបន្តចូលរួមគ្រប់យន្តការ តាមសំណូមពររបស់កម្ពុជា សំដៅធានាឱ្យបាននូវសុខសន្តិភាពតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។ ព្រមជាមួយគ្នានោះ, លោកប្រធានាធិបតី បានជម្រាបជូនអំពីអាទិភាពរបស់ហ្វីលីពីន ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែមទៀត ស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសហ្វីលីពីន នាខែកុម្ភៈ និងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី នៅប្រទេសកម្ពុជា នាខែកញ្ញា កន្លងមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់មួយចំនួនផងដែរ៕

To Top