ព័ត៌មានជាតិ

កម្ពុជា-ថៃ ចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថាកម្ពុជានិងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ការឯកភាពគ្នានេះ ធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ៩យប់នេះ ។ ភាគីទាំងពីរបានធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះ ដែលអនុវត្តទៅតាមសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលមានប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមាននេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត៕

To Top