ព័ត៌មានជាតិ

កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ ក្នុងជំនួបទ្វេភាគី ពិភាក្សាការងារ នៅទីក្រុងគូឡាឡាំពួ នាព្រឹកថ្ងៃចន្ទ ទី២៧ តុលា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នា ក្នុងការរួមគ្នាផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវពត៌មានអំពីលទ្ធផលវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្ដេច ជួបពិភាក្សាការងារជាមួយលោក Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «យើងឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤  ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ»។ 

សម្ដេច បន្ដថា «យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ»។ 

សម្ដេច បន្ថែមថា «ក្នុងពេលជាមួយគ្នា, កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម»។ 

លើសពីនេះ ជាក់ស្តែង ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នឹងត្រូវបង្កើតនៅក្នុងអំឡុងខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្ដេច ថា «យើងក៏បានឯកភាពគ្នា ក្នុងការរួមគ្នាផ្សព្វផ្សាយអោយបានទូលំទូលាយនូវពត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីយើងទាំងពីរ»៕

To Top