ធនាគារពិភពលោក បន្តចូលរួមអភិវឌ្ឍន៍កម្ពុជា ឈានទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០
ភ្នំពេញ ៖ លោកបណ្ឌិត Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានលើកឡើងថា ធនាគារពិភពលោកបន្តចូលរួមអភិវឌ្ឍកម្ពុជា ឈានទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ខាងមុខ ។
ការលើកឡើងរបស់លោកនេះ នាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នាថ្ងៃ២៦ តុលា ក្នុងឱកាសចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

ក្នុងឱកាសនៃជំនួប, លោកបណ្ឌិតអនុប្រធានធនាគារពិភពលោក បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើនបន្ថែមទៀត ។ លោកបណ្ឌិត ក៏បានសម្តែងបំណងចង់ស្វែង យល់បន្ថែមអំពីវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមាគ៌ាច្បាស់លាស់ ប្រកបដោយមហិច្ឆតា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ខណៈពិភពលោកពោរពេញទៅដោយភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម។ លោកបណ្ឌិត បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ធនាគារពិភពលោកត្រៀមខ្លួន ជានិច្ចដើម្បីបន្តសហការ និងចូលរួមជាមួយកម្ពុជា សំដៅជំរុញការសម្រេចទិស ដៅរបស់កម្ពុជា នាពេលអនាគត ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីគូសបញ្ជាក់ថា កម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតសំខាន់ ជាអាទិ៍លើ៖ ១. វិស័យអប់រំ សម្រាប់អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ សំដៅជំរុញផលិតភាពការងារ។ ២. វិស័យហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើសកម្មភាពសេដ្ឋកិច្ច ជាពិសេសការលើក ស្ទួយវិស័យដឹកជញ្ជូន និងភស្តុភារ។ ៣. ការធានាបាននូវ ការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ន កម្ពុជាប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងប្ដេជ្ញាចិត្តក្នុងការបង្កើនឱ្យបាន ៧០% នៅឆ្នាំ២០៣០។ ៤. បច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ដែលអនុញ្ញាតឱ្យកម្ពុជា អាចគ្រប់គ្រងបាននូវហានិភ័យ ក៏ដូចជាការជំរុញសកម្មភាព សេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរជាមួយ នឹងប្រសិទ្ធភាពខ្ពស់ ផលិតភាពខ្ពស់ និង គុណភាពខ្ពស់ និង៥. ការធានាបាននូវកំណើន និងការអភិវឌ្ឍប្រកប ដោយចីរភាព ។

ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏បានសម្ដែងក្ដីរីករាយរងចាំទទួលស្វាគមន៍ លោកបណ្ឌិតអនុប្រធានធនាគារពិភព នៅកម្ពុជា នាពេលខាងមុខដ៏ខ្លី៕
