លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara គូឡាឡាំពួរ
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន អញ្ជើញទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara(សេរីណេហ្គារ៉ា) និងទស្សនាការតាំងពិព័រណ៌ Kebaya Exhibition នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

វត្តមាននៃការអញ្ជើញ ដល់របស់លោកជំទាវបណ្ឌិត និងភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន និងដៃគូសន្ទនា អាស៊ាន ត្រូវបានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីលោកស្រី Dato Seri Wan Isamil ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។

សូមបញ្ជាក់ថា Seri Negara(សេរីណេហ្គារ៉ា)សំដៅលើ កាកូសា សេរីណេហ្គារ៉ា ដែលជាអគារវិមានអាណានិគម ប្រវត្តិសាស្ត្រមួយនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយ នៃសួនរុក្ខសាស្ត្រ Perdana ។ ដើមឡើយត្រូវបានសាងសង់ ជាលំនៅដ្ឋានផ្លូវការ របស់លោកស្នងការ អង់គ្លេសប្រចាំប្រទេស ម៉ាឡាយ៉ា និងជាផ្ទះសំណាក់ ។ ឥឡូវនេះ ក្លាយជាសណ្ឋាគារប្រណីត និងជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលត្រូវបានគេស្គាល់ ដោយសារស្ថាបត្យកម្មរចនាបថ Tudor របស់វា ដើរតួនាទីក្នុងចលនាឯករាជ្យ និងប្រើប្រាស់ជាទីតាំងថតរឿង Crazy Rich Asians ៕







