អាជ្ញាធរមីន ណែនាំឲ្យផ្សព្វផ្សាយ បានទូលំទូលាយ នូវហានិភ័យទាំងឡាយណា អាចបង្កគ្រោះថ្នាក់ ដោយសារមីន
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានណែនាំឲ្យប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ បន្តផ្សព្វផ្សាយ បានទូលំទូលាយនូវហានិភ័យទាំងឡាយណា អាចបង្កគ្រោះថ្នាក់ ដោយសារមីនជាយកថាហេតុណាមួយ ដល់ប្រជាពលរដ្ឋ ។
ការណែនាំរបស់ អាជ្ញាធរមីន បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកចង្កោម ដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ នាថ្មីៗនេះ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានចូលរួមសោកស្ដាយយ៉ាងជ្រាលជ្រៅ ចំពោះហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នាថ្មីៗនេះ ដែលបានកើតឡើងនៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យកុមារា សឿន សុវណ្ណ អាយុ១០ឆ្នាំ បានស្លាប់ និងឪពុករបស់កុមារា សៀន ស៊ុន រងរបួសធ្ងន់ បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ។
ជាថ្មីម្តងទៀត លោក ទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

លោក ទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា «ជាមួយគ្នានេះ ខ្ញុំសូមណែនាំឲ្យប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវហានិភ័យទាំងឡាយណា ដែលអាចបង្កគ្រោះថ្នាក់ជាយកថាហេតុណាមួយដល់ប្រជាពលរដ្ឋ ជាពិសេសកុមារាកុមារី»។
អាជ្ញាធរមីន ក៏បានអះអាងគូសបញ្ជាក់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបន្តបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ទាំងចាស់ ទាំងថ្មី ឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់បន្តរងគ្រោះ ទៀតឡើយ៕
