ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យពង្រឹងក្រុមការងារ Hotline ជាមួយជនបរទេស ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេល

ភ្នំពេញ ៖ ឆ្លើយតបជាមួយបញ្ហា ដែលកើតមានឡើងកន្លងមក ពាក់ព័ន្ធជនបរទេសនៅក្នុងប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន ទាន់ហេតុការណ៍ Hotline ជនបរទេស ត្រូវតែពង្រឹងស្មារតី នៃការទទួលខុសត្រូវខ្ពស់ តាមតួនាទី ភារិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបឲ្យបានទាន់ ពេលវេលានៅពេលមានសំណើ សុំអន្ដរាគមន៍ណាមួយកើតឡើង ។

ការដាក់បទបញ្ជារបស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយ សេចក្ដីសម្រេច ស្ដីពីការកែសម្រួល សមាសភាព និងភារកិច្ចរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (Hotline) ជាមួយជនបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្ដល់នូវអនុសាសន៍ដឹកនាំមួយចំនួន ដើម្បីឲ្យក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ជាមួយជនបរទេសនៅកម្ពុជា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បំពេញការងារប្រកបដោយប្រសិទ្ធភាពរួមមាន៖

ទី១៖ ប្រធាន អនុប្រធាន និងសមាជិកទាំងអស់ នៃក្រុមព័ត៌មានទាន់ហេតុការណ៍ Hotline ត្រូវយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់តាមតួនាទី និងភារកិច្ចរបស់ខ្លួន ឲ្យបាន តាមកំណត់ក្នុងសេចក្ដីសម្រេចនេះ និងមានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំសម្របសម្រួល និងដោះស្រាយបញ្ហា ប្រឈមមួយចំនួនឲ្យបានល្អ ដើម្បីជំរុញឲ្យការងារនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ

ទី២៖ បន្ដធ្វើទំនាក់ទំនង និងសហការឲ្យបានល្អបន្ថែមទៀតជាមួយតំណាងស្ថានទូត ស្ថានកុងស៊ុល អង្គការអន្ដរជាតិ និងវិនិយោគិនបរទេស ក្នុងការទទួល និងដោះស្រាយសំណើសុំអន្ដរាគមន៍ និងសំណូមពរនានាឲ្យល្អ និងទាន់ពេលវេលាដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងការជឿទុកចិត្តមកលើកងកម្លាំងមានសមត្ថកិច្ចរបស់យើង

ទី៣៖ ត្រូវរៀបចំសមាសភាពក្រុមព័ត៌មានទាន់ហេតុការណ៍ Hotline ជនបរទេសដើម្បីប្រចាំការ២៤លើ២៤ម៉ោង នៅនាយកដ្ឋាន មន្ទីរ និងស្នងការនគរបាលរាជធានី-ខេត្ត

ទី៤៖ អង្គភាពពាក់ព័ន្ធនីមួយៗ ត្រូវរៀបចំកន្លែងធ្វើការ ឧបករណ៍ សម្ភារៈ បច្ចេកទេស ដើម្បីបម្រើការងារព័ត៌មានទាន់ហេតុការណ៍ឲ្យដំណើរការបានល្អ ព្រមទាំងបង្កើតលេខទូរស័ព្ទសម្រាប់ក្រុមព័ត៌មានទាន់ហេតុការណ៍ និងចាត់តាំងមន្ដ្រីដែលចេះភាសាបរទេសឲ្យទទួលបន្ទុកកិច្ចការងារនេះ

ទី៥៖ បណ្ដាស្នងការនគរបាលរាជធានី-ខេត្ត ត្រូវចាត់តាំងតំណាងសមាសភាពមួយរូប ដែលមានសិទ្ធិសម្រេចក្នុងការទទួលដោះស្រាយ ឬសហការអន្ដរាគមន៍ជនបរទេស ក្នុងករណីដែលទទួលសំណើផ្លូវការពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕

To Top