ក្រសួងបរិស្ថាន បន្តផ្តល់ធុងសំរាមចំនួន ២ ៣៥៨ ធុង ជូនរដ្ឋបាលខេត្តកំពត ដើម្បីកម្ពុជាស្អាត និងពលរដ្ឋមានសុខភាពល្អ
កំពត ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៥ បានប្រគល់ជូនធុងសំរាម ចំនួន ២ ៣៥៨ ធុងជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមទៅទូទាំងខេត្តកំពត។

លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការ និងជាតំណាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតី និងបានប្រគល់ធុងសំរាមជានិមិត្តរូបជូនទៅ រដ្ឋបាលខេត្តកំពត តំណាងដោយ លោក មឿង គង្គារ អភិបាលរងខេត្តកំពត និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពត មន្ទីរ អង្គភាព ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅក្រុងកំពត ខេត្តកំពត។

លោក សាបូ អូហ្សសាណូ បានថ្លែងថា ក្រសួងបរិស្ថាន បានចែកជូននៅធុងសំរាមជាច្រើនដល់រដ្ឋបាលខេត្ត ដើម្បីបន្តចែកជូន ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន។

លោក មឿង គង្គារ បានថ្លែងអំណរគុណចំពោះ ក្រសួងបរិស្ថាន បានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមនាថ្ងៃនេះ ជូនរដ្ឋបាលខេត្តដើម្បីបង្កើនភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តកំពត ដែលសម្បូរដោយតំបន់ទេសចរណ៍ ទេសភាព ទីតាំងវប្បធម៌ ប្រវត្តិសាស្រ្ត សមុទ្រ និងធនធានធម្មជាតិ ដ៏ស្រស់ស្អាត ប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់សាភ័ណភាព និងលើកកម្ពស់សុខភាពរស់នៅរបស់ប្រជាជន ការទាក់ការវិនិយោគ បង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែល បានរៀបចំឡើងអនុលោម ទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលបាន គូសបញ្ជាក់ពីបេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹង បំណងប្រាថ្នាប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍ ប្រកបដោយចីរភាព ៕

