ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញ ក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាត ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជន ស្គាល់ថា ជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រ ក្នុងការងារដោះស្រាយបញ្ហា សណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។

បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយ លោក ស សុខា នៅសាលវរជ័យ ដែលជាកន្លែងប្រជុំ កិច្ចការសំខាន់ៗ របស់ឯកឧត្តមអភិសន្តិបណ្ឌិតផ្ទាល់។

ជាថ្មីម្ដងទៀត លោក ស សុខា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា កាន់តែច្រើន។ លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងដោយមិនរារែកទៀតថា សកម្មភាពលោក ប៉ាង លីដា បានផ្ដល់មេរៀន និងបទពិសោធ ជាច្រើនដល់ឯកឧត្តមផ្ទាល់ ជាពិសេសការប្រើពាក្យពេចន៍ និងវិធីសាស្រ្តដោះស្រាយនៅកន្លែង ដែលមានបញ្ហាជាក់ស្ដែងផ្ទាល់ជាមួយពលរដ្ឋ។

បើតាម លោក ស សុខា ឧបនាយករដ្ឋមន្ត្រី នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្សេងៗទៀត ក៏មានមន្ត្រី រួមទាំងអភិបាលរង នទទួលបន្ទុកការងារ សណ្ដាប់ធ្នាប់សាធារណៈនបានកំពុងទទួលដឹកនាំដោះស្រាយបញ្ហានេះជាប្រចាំដែរ។ សម្រាប់ករណីលោក ប៉ាង លីដា ឯកឧត្តម ចាត់ទុកជាបុគ្គលគំរូមួយរូប ដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី រួមទាំងបំផុសចលនាចូលរួមគាំទ្រពីប្រជាពលរដ្ឋដោយខ្វះមិនបាន។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្ត លោក ប៉ាង លីដា បន្តការងាររបស់ខ្លួន ព្រមទាំងបានជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តការគាំទ្រដល់រដ្ឋបាលខណ្ឌ គាំទ្រការងារលោក ប៉ាង លីដា ដើម្បីដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ សាធារណៈ ដែលទីបំផុតការងារនេះផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះផ្ទាល់ ជាក់ស្ដែង ផ្លូវស្អាត ផ្លូវធំ លូហូរទឹកលឿន ប្រឡាយមិនស្ទះ គ្មានការជនលិច បរិស្ថានស្អាត ស្រួលរស់នៅ ស្រួលប្រកបរបរ ដីឡើងថ្លៃជាដើម ៕

To Top