បណ្ឌិត កៅ ថាច ផ្តាំផ្ញើដល់សិស្សនិស្សិតថា បើសិនបានអាហារូបករណ៍ហើយ ត្រូវប្រឹងរៀនឲ្យចប់ សំខាន់ត្រូវខិតខំរៀនសូត្រឲ្យបានល្អ មិនសំខាន់លើសាលាល្អនោះទេ
ភ្នំពេញ៖ បណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមចលនាយុវជន របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល កាលពីថ្ងៃទី២៥ តុលា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោតអាហារូបករណ៍របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសិស្សប្រឡងជាប់បាក់ឌុប ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងកម្មវិធីចាប់ឆ្នោតអាហា រូបករណ៍របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នោះក៏មានការចូលរួមពី លោក ចេន ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិក្សានុសិស្ស ៤៥៥នាក់ ដែលសរុបអ្នកចូលរួមចំនួន ៦០០នាក់។
ក្រោយបញ្ចប់ការចាប់ឆ្នោតអាហា រូបករណ៍របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចំនួន ៤០រូប រួចមក លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ សំណេះសំណាល ផ្តាំផ្ញើដល់ក្មួយៗថា «បើសិនជាចាប់បានអាហារូបករណ៍ហើយ ប្រឹងប្រែងរៀនសូត្រឲ្យបានចប់ សំខាន់យើងត្រូវខិតខំរៀនសូត្រឲ្យបានល្អ មិនសំខាន់លើសាលាល្អនោះទេ» ។
លើសពីនេះ លោកបណ្ឌិតប្រធានក៏បានផ្តល់អនុសាសន៍ដល់ក្មួយៗ ដែលទទួលបានអាហារូបករណ៍ និងសិស្សានុសិស្សផ្សេងទៀត បើចង់បានការងារធ្វើលឿន មានលុយឆាប់ គួរពិចារណាលើសជំនាញបច្ចេកទេស ដូចជា បច្ចេកទេសជាន់ខ្ពស់ជាដើម ជាពិសេស ក្មួយៗត្រូវចេះកំណត់គោលដៅ ស្គាល់ខ្លួនឯងឲ្យច្បាស់ ព្រោះពេលនេះមិនមែននៅជាសិស្សវិទ្យាល័យទៀត គឺកម្រិតសកលវិទ្យាល័យ ដែលទាមទារឲ្យមានការសិក្សាស្រាវជ្រាវច្រើន ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់ ចូលរួមអភិវឌ្ឍន៍នៅល្នុងសង្គមជាតិ ៕












