OHCHR តាមដានយ៉ាងយកចិត្តទុកដាក់ លើការចុះកិច្ចព្រមព្រៀង សន្តិភាព កម្ពុជា-ថៃ
ភ្នំពេញ ៖ លោក Benjamin Moreau តំណាងការិយាល័យអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)បានលើកឡើងថា OHCHR បានតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងព្រឹត្តិការណ៍ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងប្រទេសកម្ពុជានិងប្រទេសថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ តុលា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Benjamin Moreau នៅថ្ងៃ២៧ តុលានេះបានឲ្យដឹងថា លោក Benjamin បានគូសបញ្ជាក់ពីការ តាមដានយ៉ាងយកចិត្តទុក ដាក់របស់ OHCHR ក្នុងព្រឹត្តិការណ៍ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដែលមានការចូលរួមធ្វើជាសាក្សីពីសំណាក់លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានេះ លោក Benjamin បានរំលេចពីតួនាទី របស់ OHCHR ក្នុងការប្រមូល និងកត់ត្រាព័ត៌មាន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដើម្បីតម្លាភាពនិងគណនេយ្យភាព ក្នុងការរួមចំណែកដោះស្រាយជម្លោះ ដោយសន្តិវិធី ក៏ដូចជាការកសាងទំនុកចិត្តឡើងវិញ។

ពាក់ព័ន្ធព្រំដែននេះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងពីការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរ ។ ដោយទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការណែនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កុំឱ្យមានការរើសអើងឬប្រើអំពើហិង្សា លើជនជាតិថៃដែលកំពុងរស់នៅនិងប្រកបមុខរបរចិញ្ចឹមជីវិត លើទឹកដីកម្ពុជា ព្រមទាំងអ្នកជាប់ឃុំក្នុងពន្ធនាគារដែលជាជនជាតិថៃ៕





