ព័ត៌មានជាតិ

ពលរដ្ឋចោទសួរថា រថយន្តពន្លត់អគ្គិភ័យ មានទឹកប្រចាំ ក្នុងរថយន្តដែរទេ?

មណ្ឌលគិរីៈ តើ រថយន្តពន្លត់អគ្គិភ័យ ឬដែលហៅសាមញ្ញថា ឡានបាញ់ទឹកនោះ មានបូមទឹកសាគួក្នុងរថយន្តដែរទេ?ឬមួយពេលមានអគ្គិភ័យ តម្រូវអោយរត់ទៅបូមទឹកជាមុន មុននិងបើកឆ្ពោះទៅតំបន់កើតហេតុ? នេះជាការចោទសួរ របស់អាជីវករផ្សារកែវសីមា ស្ថិតក្នុងស្រុកកែវសីមា នៃខេត្តមណ្ឌលគិរី សំដៅទៅមន្ត្រីជំនាញអង្គភាពពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកែវសីមា គ្រាដែល ចុះអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ អាជីវករក្នុងមូលដ្ឋាន អោយយល់ជ្រាបអំពីការបង្កើន វិធានការបង្ការនិងពន្លត់អគ្គិភ័យក្នុងរដូវប្រាំង ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែតុលានេះ។

ជាការឆ្លើយតបរបស់នគរបាលជំនាញ ដែលដឹកនាំដោយវរៈសេនីយ៍ឯកនួន ហាន ស្នងការរងទទួលផែនអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឆ្លើយតបថា ការត្រួតពិនិត្យ បានធ្វើឡើង ជាប្រចាំនៅគ្រប់អង្គភាព និងស្ថានីយ៍ពន្លត់អគ្គិភ័យ ទាំងនៅតាមរាជធានីខេត្ត និងតាមក្រុងស្រុកខណ្ឌ ដើម្បីពង្រឹងវិធានការ ត្រៀមអន្តរាគមន៍សង្គ្រោះ ដោយមានកម្លាំងប្រចាំការ២៤/២៤ម៉ោង និងត្រៀមរថយន្តពន្លត់អគ្គិភ័យ ឧបករណ៍ សម្ភារៈ ប្រេងឥន្ធនៈ ទឹកស្តុក។មន្ត្រីជំនាញនៅបន្តថា អ្នកជំនាញបានសម្រេចចិត្តយ៉ាងឆាប់រហ័សនិងបានសិក្សាយ៉ាងល្អិតល្អន់អំពីភូមិសាស្ត្រស្មុកស្មាញ ឬដាច់ស្រយាល ច្រកសង្គ្រោះ និងប្រភពទឹក បម្រើអោយការ ងារពន្លត់និងសង្គ្រោះ សំដៅ មានភាពម្ចាស់ការក្នុងកិច្ចអន្តរាគមន៍ សង្គ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ផងដែរ ។

សូមជម្រាបថា ក្នុងសកម្មភាពចុះអប់រំដល់ពលរដ្ឋនៅគ្រានោះ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ បានសហការជាមួយ អធិការស្រុកកែវសីមា និងកម្លាំងប៉ុស្តនគរបាលស្រែខ្ទុម គឺបានចុះផ្សព្វផ្សាយផែនការលេខ ១៥៣៥ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម នារដូវប្រាំងខាងមុខដែលនិងជិតមកដល់។ក្នុងនោះមាន ណែនាំអោយ បំពាក់គ្រឿងឧបករណ៍សុវត្ថិភាព នឹងប្រព័ន្ធប្រឆាំងអគ្គីភ័យ តាមមាត្រដ្ឋានបច្ចេកទេស បង្ការ និងពន្លត់អគ្គិភ័យ ប្លង់ស្ថាបត្យកម្ម ស្ថានីយ៍ហ្គាស ហាងនិង ដេប៉ូទំនិញផ្សេងៗដែលងាយរងគ្រោះថ្នាក់ដោយអគ្គិភ័យ  ៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top