បណ្ឌិត ឡី សុភាព៖ សមាគមសហព័ន្ធការពារ អ្នកប្រើប្រាស់នៅកម្ពុជា និងបន្តសហការយ៉ាងជិតស្និត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញការពង្រឹងសមត្ថភាពជាតិ ក្នុងការផលិតផលិតផលប្រកបដោយគុណភាព
ភ្នំពេញ៖ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានអះអាងថា សមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា និងបន្តសហការយ៉ាងជិតស្និតជាមួយ ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជំរុញការពង្រឹងសមត្ថភាពជាតិ ក្នុងការផលិត ផលិតផលប្រកបដោយគុណភាព សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ។

ការលើកឡើងរបស ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់ នៅកម្ពុជាខាងលើនេះ ធ្វើឡើងក្នុងយុទ្ធការចុះបញ្ជីផលិតផល (ចបផ) ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងយុទ្ធការចុះបញ្ជីផលិតផល (ចបផ)នេះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានថ្លែងថា ការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មី ឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេ ប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈ ក្នុងការកែលម្អសេវា និងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួង។ យុទ្ធនាការពេលនេះគឺទាន់ពេល ត្រូវកាលៈទេសៈ និងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់ និងសំណូមពររបស់ទីផ្សារ ទាំងអ្នកផលិតនិងអ្នកប្រើប្រាស់ ក៏ដូចជាការវិវត្តនៃសភាពការណ៍ពាណិជ្ជកម្ម។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យអ្នកផលិត និងអ្នកនាំចូល ដាក់ពាក្យដោយផ្ទាល់ មកវិទ្យាស្ថានស្តង់ដារកម្ពុជា និងកាត់បន្ថយការប្រើសេវាអ្នករត់ការ ដែលអាចនាំឱ្យការចំណាយ លើការចុះបញ្ជីផលិតផល កើនឡើងខ្ពស់។
លោករដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់អ្នកផលិត និងអ្នកនាំចូលទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវក្នុងប្រតិបត្តិការអាជីវកម្ម តាមរយៈការចុះបញ្ជីផលិតផល ដោយលើកឡើងថា គុណតម្លៃទាំងនេះ គឺជាមូលដ្ឋានសំខាន់ សម្រាប់ជោគជ័យរយៈពេលវែង របស់អាជីវកម្ម និងការអភិវឌ្ឍជាតិ។
ជាមួយគ្នានេះ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានគូសបញ្ជាក់ថា ឆ្លងតាមការរៀបចំ ជាបន្តបន្ទាប់ និងដាច់ដោយឡែកពីគ្នានូវវេទិកាជំនួប ពិធីសំណេះសំណាល រវាង វិនិយោគិន ពាណិជ្ជករ ឧស្សាហករ សិប្បករ អាជីវករ ក្រោមអធិបតីភាព មានជាអាទិ៍ តាំងពីអាជ្ញាធរដែនដី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រហូតដល់ថ្នាក់ដឹកនាំកំពូល គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយបទពិសោធន៍ រៀបចំពិព័រណ៍ំពាណិជ្ជកម្ម ជាច្រើនមកហើយ ហើយថ្មីៗនេះសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម និងច្បាប់ពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា” ដោយប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នោះសមាគមសហព័ន្ធការពារ អ្នកប្រើប្រាស់នៅកម្ពុជា បានខិតខំក្រេបជញ្ជក់ ដើម្បីជាធាតុចូល ហើយបន្តផ្សព្វផ្សាយ ដល់សមាជិកឱ្យជ្រួតជ្រាប។

ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានអះអាងថា តទៅមុខ សមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា និងបន្តសហការយ៉ាងជិតស្និតជាមួយ ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជំរុញការពង្រឹងសមត្ថភាពជាតិ ក្នុងការផលិតផលិតផលប្រកបដោយគុណភាព សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដើម្បីពង្រឹងការយល់ដឹងពី នីតិវិធី និងអត្ថប្រយោជន៍ នៃការចុះបញ្ជីផលិតផល ចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក ឱ្យមានគុណភាព សុវត្ថិភាព បង្កើនការជឿទុកចិត្តពីអ្នកប្រើប្រាស់ ចូលរួមលើកស្ទួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឈានទៅធានាស្តង់ដាអាស៊ាន និងមានលទ្ធភាព ឈានទៅប្រកួតប្រជែងជាបណ្ដើរៗក្នុងទីផ្សារអន្តរជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការថែរក្សានូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ សម្បូណ៌ សប្បាយ រុងរឿង និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ឆ្លៀតក្នុងឱកាសនេះ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ក៏បានប្រកាសគាំទ្រ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យគោលការណ៍ទៅក្រសួង-ស្ថាប័ន និងវិស័យឯកជន ត្រូវរួមគ្នាជំរុញការពង្រឹងសមត្ថភាពជាតិ ក្នុងការផលិតផលិតផលប្រកបដោយគុណភាព សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ ។
សូមបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ។ យុទ្ធនាការនេះនឹងត្រូវដំណើរការ រហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រពិសេស សម្រាប់ទាំងអ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូលផលិតផល៕
ដោយ៖ ដារាត់| ដើមអម្ពិល














