សហគមន៍ខ្មែរនៅជប៉ុន ចេញលិខិតអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិភាព គូឡាឡាំពួ ដែលបង្កើតឱ្យស្ថេរភាព តាមព្រំដែនកម្ពុជា-ថៃឡើងវិញ
ភ្នំពេញ ៖ សហគមន៍ខ្មែរនៅប្រទេសជប៉ុន(CCJ)កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានចេញលិខិតអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិភាព គូឡាឡាំពួរវាង កម្ពុជា-ថៃ ក្រោមការសម្របសម្រួល របស់ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនង រវាងប្រជាជាតិទាំងពីរ និង ប្រែក្លាយតំបន់ព្រំដែន មានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម ។
ជាមួយគ្នាកិច្ចព្រមព្រៀង ដ៏សំខាន់នាពេលនេះ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ និងសូមសម្ដែងការ អបអរសាទរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា និងនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ រួមទាំងមេដឹកនាំម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក ដែលផ្ដល់ការគាំទ្រពេញទំហឹងរហូតឈានសម្រេច បានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាថ្ងៃប្រវត្តិសាស្ត្រដែលគ្រប់គ្នាចង់បាន ។
“យើងខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះការចូលរួមគាំទ្ររបស់សាធារណរដ្ឋ ប្រជាមានិតចិន និងសហគមន៍អន្តរជាតិ ក្នុងដំណើរការចរចា ស្វែងរកសន្តិភាពដ៏មានតម្លៃនេះ” ។ នេះបើយោងតាមលិខិតដដែល ។
សម្រាប់សហគមន៍ខ្មែរនៅជប៉ុន សន្តិភាព គឺទ្រព្យដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស។ កម្ពុជា និងថៃជាអ្នកជិតខាងអចិន្ត្រៃយ៍ ដែលចាំបាច់ត្រូវខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាន នូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួម ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងការឱ្យតម្លៃ គ្នាទៅវិញទៅមក ការយោគយល់គ្នាការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាការទូត និងការគោរពច្បាប់អន្ដរជាតិ។
ទន្ទឹមនឹងនេះ សហគមន៍ខ្មែរនៅជប៉ុន មានក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសជាមិត្ត សហគមន៍អាស៊ាន សហគមន៍អន្តរជាតិ និងដៃគូនានានឹងបន្តគាំទ្រចូល រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងវិលទៅរកប្រក្រតីភាពឡើងវិញរវាង កម្ពុជា-ថៃ ដើម្បីធានាសម្រេចបានជាផ្លែផ្កា នៃសេចក្ដីថ្លែងការណ៍រួមនេះ៕

