ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ចុះពិនិត្យវឌ្ឍនភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ខេត្តបាត់ដំបង ចំនួន២ទីតាំង

បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំប នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ខេត្តបាត់ដំបង ចំនួន ២ទីតាំង។

ទីតាំងទាំង២ មានដូចខាងក្រោម៖

ទីតាំងទី១ ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ១៦០ខ្នង ។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជន កំពុងសាងសង់ផ្លូវក្រាលល្បាយក្រួស ១ខ្សែ មាន ៨កំណាត់ សរុបប្រវែង ៩,៥៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ២កន្លែង លូមូលមុខមួយចំនួន ៣កន្លែង ព្រមទាំងមានស្លាកសញ្ញាចរាចរណ៍ និងស្លាកឈ្មោះផ្លូវមួយចំនួនផងដែរ ។

ទីតាំងទី២ ដីម្បទានសង្គមកិច្ច ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៣០០ខ្នង លើផ្ទៃដីសរុប ១៦ ៣០៤ ៨៥៤ ម៉ែត្រការ៉េ ។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនចូលរួមចំណែកសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ចំនួន ២៥ អណ្តូង ជូនគ្រួសារអតីតយុទ្ធជនចំនួន ៣០០ គ្រួសារ ក្នុងជំហានទី១។

ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ លោករដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនគ្រួសារអតីតគ្រួសារយុទ្ធជនដែលបានរស់នៅទីនោះផងដែរ៕

To Top