ព័ត៌មានជាតិ

សម្តេចធិបតី ស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើម បង្កើតបណ្ឌិតសភាឌីជីថល អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅកម្ពុជា

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ​ លើកទី២៦ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម បង្កើតបណ្ឌិតសភាឌីជីថល អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅកម្ពុជា ដែលនឹងបំពាក់បំប៉នប្រជាជន នូវជំនាញដែលត្រៀមរួចជាស្រេច សម្រាប់ពេលអនាគត ។

យោងតាមក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៦ ។

កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងភាពជាដៃគូ​ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលផ្តោតលើអនាគត តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃផែនការសកម្មភាពអាស៊ាន-សាធារណរដ្ឋ កូរ៉េ (ឆ្នាំ២០២៦-២០៣០) ដែលស្របតាមចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០៤៥។ ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្ម សេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKFTA) និងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ ថ្នាក់ដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះការបន្តគាំទ្រ របស់សាធារណរដ្ឋកូរ៉េ សម្រាប់របៀបវារៈឌីជីថល ជាពិសេសកិច្ចព្រមព្រៀង ក្របខ័ណ្ឌសេដ្ឋកិច្ច ឌីជីថលអាស៊ាន (DEFA)។

ក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែអអំណរគុណ ចំពោះការគាំទ្រ របស់សាធារណរដ្ឋកូរ៉េ លើបរិវត្តកម្មឌីជីថលអាស៊ាន រួមមានតាមរយៈគម្រោងនវានុវត្តន៍ឌីជីថល អាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើម​ បង្កើតបណ្ឌិតសភាឌីជីថល អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅកម្ពុជា ដែលនឹងបំពាក់បំប៉នប្រជាជន នូវជំនាញដែលត្រៀមរួចជាស្រេច សម្រាប់ពេលអនាគត ជំរុញការច្នៃប្រឌិត និងពង្រឹងភាពជាដៃគូ សម្រាប់អនាគតឌីជីថលដែលរឹងមាំ ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកឡើងពីការរួមចំណែក របស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញបណ្តាញអគ្គិសនីអាស៊ាន ឆ្នៃ២០៤៥ និងការលើកកម្ពស់កំណើន នៃឧស្សាហកម្មច្នៃប្រឌិតរបស់អាស៊ាន ។

ជាមួយគ្នានេះ សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមលើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការតំបន់កាន់តែរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ ការរត់ពន្ធ ឧក្រិដ្ឋកម្មសាយប័រ ភេរវកម្ម និងការឆបោកតាមប្រព័ន្ធអ៊ីនធើណែត តាមរយៈការពង្រឹងការអនុវត្តច្បាប់ ការចែករំលែកព័ត៌មាន និងការកសាង សមត្ថភាព ។ នៅក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី អគ្គស្នងការនគរបាលជាតិកម្ពុជា បន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសមភាគី សាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយ នូវការគំរាមកំហែងទាំងនេះ និងធានាបាននូវតំបន់ ដែលមានសន្តិភាព សន្តិសុខ និងភាពធន់ ដែលធានាបាននូវសុវត្ថិភាព និងសុខុមាលភាព​ របស់ប្រជាជនទាំងអស់គ្នា៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top