ព័ត៌មានជាតិ

សម្តេចធិបតី ៖ កិច្ចសហប្រតិបត្តិការ អាស៊ានបូកបី មានតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់សន្តិភាព ក្នុងតំបន់អាស៊ីបូព៌ា

ភ្នំពេញ៖​ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៨ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ឡើងវិញ នូវតួនាទីដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា ។

យោងតាមក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៨ ។

កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានពិនិត្យឡើងវិញ នូវទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងបានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីទាញយកអត្ថប្រយោជន៍ ពីប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីនិយមដែលបើកចំហ តម្លាភាព និងផ្អែកលើវិធានច្បាប់។ ថ្នាក់ដឹកនាំក៏បានបានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការពង្រឹងការរួបរួមគ្នា និងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជា កាន់តែខ្លាំងឡើង ស្របជាមួយនឹងការរក្សាបាន នូវតួនាទីស្នូលរបស់អាស៊ាន នៅក្នុងដំណើរវិវឌ្ឍន៍ នៃនិម្មាបនកម្មតំបន់ ដែលដឹកនាំដោយអាស៊ាន ដើម្បីលើកកម្ពស់បរិយាបន្ន ចីរភាព ការអភិវឌ្ឍ និងវិបុលភាព។

ក្នុងន័យនេះ កិច្ចប្រជុំកំពូលបានអនុម័ត សេចក្តីថ្លែងការណ៍​ របស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ ។

ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញ នូវតួនាទីដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកបន្ថែមអំពីសារៈសំខាន់ នៃការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ រួមមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន ជាមួយប្រទេសបូកនីមួយៗ (FTA+1) និង កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលពង្រឹងដល់ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីនិយមដែលបើកចំហ និងផ្អែកលើវិធានច្បាប់ ដោយមានអង្គការពាណិជ្ជកម្ម ពិភពលោកជាស្នូល ដើម្បីជាប្រយោជន៍រួម សម្រាប់ប្រជាជនយើងទាំងអស់គ្នា។

ស្របជាមួយគ្នានឹងការស្វាគមន៍ នូវការពង្រឹងយន្តការថ្មីៗ​ នៃគំនិតផ្តួចផ្តើមឈៀងម៉ៃ ស្តីពីពហុភាគីនិយម (CMIM) ដែលជាគន្លឹះចម្បង ក្នុងការគាំពារហិរញ្ញវត្ថុក្នុងតំបន់ សម្តេចធិបតី បានគូសបញ្ជាក់អំពី កាលានុវត្តភាពសំខាន់ៗ នៃសេដ្ឋកិច្ចឌីជីថល និងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល (DEFA) ដែលជាកម្លាំងចលករ នៃកំណើនឌីជីថលក្នុងតំបន់។

សម្តេចធិបតី ក៏បានសង្កត់ធ្ងន់បន្ថែម អំពីសារៈសំខាន់ ក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹង ការគ្រប់គ្រងបន្ទាត់ព្រំដែន តាមរយៈយន្តការដែលមានស្រាប់ ដែលស្ថិតក្រោមកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ានបូកបី ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC+3)៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top