ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ៖ សម្តេចធិបតី អរគុណចិន ចំពោះការរៀបចំកិច្ចសន្ទនា ក្រៅផ្លូវការជាបន្តបន្ទាប់ ជំរុញឱ្យមានការដោះស្រាយ​ ដោយសន្តិវិធី រវាងកម្ពុជា-ថៃ

ភ្នំពេញ ៖​ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២០​ ក្រៅពីការថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះម៉ាឡេស៊ី​, សហរដ្ឋអាម៉េរិកហើយនោះ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក៏បានថ្លែងអំណរគុណ ដល់ប្រទេសចិន ចំពោះការរៀបចំកិច្ចសន្ទនា​ក្រៅផ្លូវការ ជាបន្តបន្ទាប់ ក្នុងគោលដៅលើកកម្ពស់ ការស្វែងយល់ដឹងពីគ្នា និងជំរុញឱ្យមានការដោះស្រាយដោយសន្តិវិធី រវាងកម្ពុជានិងថៃ។

យោងតាមក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២០។

កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់​ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាវេទិការបស់ថ្នាក់ ដឹកនាំកំពូលសម្រាប់កិច្ចសន្ទនា ជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវ ការអនុវត្តផែនការសកម្មភាព នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ឆ្នាំ២០២៤-២០២៨) តាមរយៈកិច្ចសហប្រតិ បត្តិការជាក់ស្តែង ដើម្បីធានាបាននូវភាពពាក់ព័ន្ធ និងប្រសិទ្ធភាព នៅក្នុងនិម្មាបនកម្មតំបន់ និងនៅចំពោះ ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃសកលលោក។ ថ្នាក់ដឹកនាំក៏បានផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម ក្នុងគោលដៅលើកកម្ពស់ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា នាពេលខាងមុខ។

ក្នុងឱកាសរំឭកខួបលើកទី២០ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ថ្នាក់ដឹកនាំបានអនុម័ត សេចក្តីថ្លែងការណ៍ ទីក្រុងគូឡាឡាំពួ ស្តីពីខួបលើកទី២០ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការលើកកម្ពស់ការបញ្ជ្រាប ដល់ថ្នាក់មូលដ្ឋាន ក្នុងការត្រៀមខ្លួនការឆ្លើយតប ទៅនឹងគ្រោះមហន្តរាយ។

ក្នុងនោះ សម្តេចធិបតី​ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា​ មានសក្តានុពលដ៏ធំធេង សម្រាប់កិច្ចសហប្រតិបត្តិការ​ លើផ្នែកសេដ្ឋកិច្ច និងវិបុលភាពរួម ជាពិសេសក្នុងវិស័យ ដែលកំពុងរីកចម្រើន ដូចជាសេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ ខ្សែសង្វាក់ផ្គត់ផ្គង់ វិទ្យាសាស្ត្រ និងនវានុវត្តន៍។

ជាមួយគ្នានេះ សម្តេចធិបតី បានអះអាងពីសារៈសំខាន់ នៃការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាព ដែលត្រូវតែជំរុញឡើង តាមរយៈការទូត កិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ហើយក៏បានបញ្ជាក់ជាថ្មី អំពីការប្រកាន់ខ្ជាប់​ យ៉ាងម៉ឹងម៉ាត់របស់កម្ពុជា ចំពោះអំពើអហិង្សា សន្តិសហវិជ្ជមាន និងការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋទាំងឡាយ ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡាំពួ រវាងកម្ពុជានិងថៃ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបានបង្ហាញនូវសក្ខីភាពដ៏មានឥទ្ធិពល សូម្បីជម្លោះដ៏លំបាកបំផុត ក៏អាចត្រូវបានដោះស្រាយ តាមរយៈការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ និងតាមរយៈការទូត។ ភាពជោគជ័យនេះ គឺជាលទ្ធផលនៃបទឈប់បាញ់ ដែលប្រទេសទាំងពីរ បានខិតខំប្រឹងប្រែងបង្កើត និងប្រកាន់យ៉ាងខ្ជាប់ខ្ជួន ដោយមានការចូលរួមគាំទ្រ ពីដៃគូទាំងឡាយ។

ជាងនេះទៅទៀត ក្នុងកិច្ចប្រជុំនេះ សម្តេចធិបតី បានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះម៉ាឡេស៊ី​ ក្នុងការសម្របសម្រួល​ កិច្ចសន្ទនាដោយផ្ទាល់ និងប្រកបដោយភាពស្ថាបនា, និងចំពោះសហរដ្ឋអាម៉េរិក ក្នុងការជំរុញឱ្យមាន ការបញ្ឈប់អរិភាព និងការគាំទ្រឱ្យមានកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់, និងចិន ចំពោះការរៀបចំកិច្ចសន្ទនា​ ក្រៅផ្លូវការជាបន្តបន្ទាប់ ក្នុងគោលដៅលើកកម្ពស់ ការស្វែងយល់ដឹងពីគ្នា និងជំរុញឱ្យមានការដោះស្រាយដោយសន្តិវិធី៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top