សម្តេចធិបតី ៖ ពុំមានប្រទេសណាមួយ មានលទ្ធភាពប្រឈមមុខ នឹងបញ្ហាដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ន តែម្នាក់ឯងនោះទេ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយ មានលទ្ធភាពប្រឈមមុខ នឹងបញ្ហាដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ន តែម្នាក់ឯងនោះទេ និងបានអំពាវនាវឱ្យប្រកាន់យក នូវស្មារតីទំនួលខុសត្រូវរួម ក្នុងការលើកកម្ពស់ នូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ។

យោងតាមក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១៥។

កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹង ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្រោមផែនការសកម្មភាព សម្រាប់ការអនុវត្តសេចក្តីប្រកាសរួម ស្តីពីភាពជាដៃគូគ្រប់ ជ្រុងជ្រោយ អាស៊ាន-អង្គការសហប្រជាជាតិ (ឆ្នាំ២០២៦-២០៣០) ដែលទើបបានអនុម័តនាពេលថ្មីនេះ។ កិច្ចប្រជុំកំពូល បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបន្សំគ្នារវាងផែនការសកម្មភាពនេះ ទៅនឹង ទស្សនវិស័យអាស៊ានឆ្នាំ២០៤៥ និងរបៀបវារៈស្តីពីការការអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

ក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះសន្តិភាព ពហុភាគីនិយម និងគោលការណ៍នានា នៃធម្មនុញអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយ មានលទ្ធភាពប្រឈមមុខ នឹងបញ្ហាដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ន តែម្នាក់ឯងនោះទេ និងបានអំពាវនាវឱ្យប្រកាន់យក នូវស្មារតីទំនួលខុសត្រូវរួម ក្នុងការលើកកម្ពស់ នូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការកសាងពិភពលោក ឱ្យមានសន្តិភាព ស្ថិរភាព និងយុត្តិធម៌ កាន់តែប្រសើរ។

បន្ថែមលើនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា អាស៊ាន ស្ថិតក្នុងចំណោមតំបន់ ដែលមានកំណើតយ៉ាងឆាប់រហ័ស របស់សកលលោក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាស៊ាន បានខិតខំកាន់តែខ្លាំង មិនត្រឹមតែដើម្បីសម្រេចបាន នូវកំណើនដ៏ឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបានថា កំណើននេះគឺប្រកបដោយចីរភាព បរិយាបន្ន និងរឹងមាំ។ អាទិភាព ទាំងអស់នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ នៅក្នុងឯកសារចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នា ដែល បានដាក់ចេញ នូវទិសដៅសម្រាប់កិច្ចខិតខំរួមគ្នា របស់អាស៊ាន ឆ្ពោះទៅសម្រេចបាន ជាតំបន់មួយដែលប្រកប ដោយព័ណ៌បៃតង ចីរភាព និងសមភាព កាន់តែល្អប្រសើរជាងមុន៕
ដោយ៖ ដារាត់| ដើមអម្ពិល


