នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ បញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងប្រកាន់ខ្ជាប់ ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ។

ការបញ្ជាក់នូវការប្តេជ្ញា របស់នាយករដ្ឋមន្ត្រីទាំងពីរខាងលើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា លទ្ធផលនៃជំនួបទ្វេភាគី រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ជាកិច្ចចាប់ផ្តើម សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខ យ៉ាងជ្រាលជ្រៅបំផុត ជូនលោក Anutin Charnvirakul ចំពោះការសោយព្រះទិវង្គតរបស់ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា Sirikit ហើយត្រូវបាននាយករដ្ឋមន្ត្រី Anutin ឆ្លើយតបដោយការថ្លែងអំណរគុណ សម្តេចធិបតី ចំពោះសារលិខិតរំលែកទុក្ខ និងសេចក្តីអាណិតអាសូរ ដ៏ស្មោះអស់ពីដួងចិត្តរបស់កម្ពុជា ក្នុងពេលវេលា នៃការកាន់មរណទុក្ខនេះ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងត្រូវបានធ្វើជាសាក្សីដោយ លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និងលោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្តល់នូវក្របខ័ណ្ឌមួយ សម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការ ជាមួយគ្នា ឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចុះហត្ថលេខានេះ ឆ្លុះបញ្ចាំងវឌ្ឍនភាពបន្ថែមទៀត ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរហូតមកដល់ពេលនេះ បានជួយរក្សានូវភាពស្ងប់ស្ងាត់ និងស្ថិរភាព នៅតាមបណ្តោយព្រំដែន។
បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងថា កិច្ចការបន្ទាន់សម្រាប់ភាគីទាំងពីរ គឺត្រូវធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានានូវការអនុវត្ត សេចក្តីថ្លែងការណ៍នេះ ឱ្យបានពេញលេញ និងប្រកបដោយភាពស្មោះត្រង់ ។

សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមថា ការអនុវត្តសកម្មភាព មានចែងក្នុងសេចក្តីថ្លែងការណ៍នេះ គឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរួមគ្នា របស់ភាគីទាំងពីរ ។ តាមរយៈយន្តការទ្វេភាគី ប្រទេសទាំងពីរ បានពិភាំក្សាគ្នារួចមកហើយ និងបានឈានដល់ការព្រមព្រៀងនានា សម្រាប់ដំណើរឆ្ពោះទៅមុខ ដូច្នេះវាមានសារៈសំខាន់ណាស់ ដែលគាគីទាំងពីរ ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ នូវការព្រៀងព្រៀងទាំងនេះ ដោយសុច្ចរិតភាព និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកជាថ្មីនូវការអំពាវនាវ ឱ្យមានការដោះ លែងទាហានកម្ពុជា ចំនួន ១៨រូបឱ្យបានឆាប់ ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯក ភាពគ្នា ក្នុងសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ។

ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរត្រូវ តែបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរ អាចរួមរស់ជាមួយគ្នាប្រកបដោយ សន្តិភាព សុខដុមរមនា និងវិបុលភាពរួមគ្នា សម្រាប់ជំនាន់ក្រោយៗទៀត៕
ដោយ៖ ដារាត់| ដើមអម្ពិល




