កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ទ្វេភាគីថែមទៀត
ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ខណៈកម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប, លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្ដេចបវរធិបតីថា កម្ពុជាជាមិត្តយូរអង្វែងរបស់រុស្ស៊ី ហើយប្រទេសទាំងពីរ មានទំនាក់ទំនងជាប្រពៃណី ។

លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីបំណងរបស់រុស្ស៊ី ក្នុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយផ្តោតជាសំខាន់លើវិស័យអាទិភាពមួយចំនួនដូចជា៖ ពាណិជ្ជកម្ម សេដ្ឋកិច្ច វត្ថុធាតុដើមសម្រាប់ វាយនភណ្ឌ ការផលិតវ៉ាក់សាំង កសិកម្ម សន្តិសុខថាមពល ការដឹកជញ្ជូន និងភស្តុភារកម្ម។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានឯកភាព ចំពោះការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី អំពីមិត្តភាពយូរអង្វែង និងទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងរុស្ស៊ី។

សម្ដេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជា នឹង ធ្វើការជាមួយរុស្ស៊ី ក្នុងការបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះរុស្ស៊ីដែលបានគាំទ្រ និងផ្ដល់ជំនួយដល់កម្ពុជា នាពេលកន្លងមក។

សម្ដេចបវរធិបតី បានស្វាមគន៍ចំណាប់អារម្មណ៍ និងបំណងរបស់ភាគីរុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗខាងលើ និងបានលើកទឹកចិត្តភាគី រុស្ស៊ី ឱ្យបញ្ជូនគណៈប្រតិភូជំនាញពីវិស័យពាក់ព័ន្ធមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយក្រសួង-ស្ថាប័ននានា ក៏ដូចជាវិស័យឯកជន របស់កម្ពុជា ដើម្បីឱ្យចេញជាលទ្ធផលជាក់ស្តែង៕

