ភ្នំពេញ៖ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្ដាខេត្តធំៗចំនួន៥ ក្នុងខែតុលានេះ បានបញ្ចប់ដោយជោគជ័យហើយ ដោយមានអ្នកចូលរួមសរុបជាង ៥ពាន់នាក់ និងអ្នកទទួលបានការងារធ្វើភ្លាមៗជាង ២ពាន់នាក់។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

លោក ស៊ុន មេសា មានប្រសាសន៍នៅថ្ងៃទី២៨ ខែតុលានេះថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) អាជ្ញាធរខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តព្រៃវែង និងខេត្តកំពង់ធំ និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។

អ្នកនាំពាក្យ ក្រសួងការងារ បានឱ្យដឹងបន្តថា ពិព័រណ៍ការងារនៅក្នុងខេត្តធំៗទាំង៥នេះ មានអ្នកចូលរួមសរុប ៥ ៧៦៨នាក់ ហើយអ្នកទទួល បានការងារធ្វើភ្លាមៗ មានចំនួន ២ ២៨៩នាក់។ ដោយឡែកអ្នកចូលរួម តែមិនទាន់បានការងារធ្វើ គឺទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងបន្តផ្គូផ្គងដូចជា៖ ផ្តល់បញ្ជីអ្នកចុះឈ្មោះទៅតាមបណ្តាក្រុមហ៊ុន ដែលមានតម្រូវការ ត្រូវនឹងការងារដែលគាត់ចង់ធ្វើ, ខលផ្គូផ្គងការងារបន្ថែមតាមលេខ ១២៩៧, ប្រើប្រាស់យន្តការផ្គូផ្គងការងាររបស់មជ្ឈមណ្ឌលការងារ ដែលមានស្រាប់បន្ថែម និងតាមដានលទ្ធផលទទួលបានការងារជាប្រចាំ ជាមួយនិយោជក ព្រមទាំងជាមួយបេក្ខជន ដោយផ្ទាល់ ផងដែរ៕







