លោក ខូយ រីដា បន្តទទួលថវិកាបរិច្ចាកពីសប្បុរសជនមកពីក្រៅប្រទេស និងក្នុងប្រទេសក្នុងការចូលរួមកសាង សាងសង់អាគារពហុព្យាបាល និងសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់÷ ក្រោមការផ្តួចផ្តើម របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) ព្រមទាំងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសប្បុរសជន ក្នុង-ក្រៅខេត្ត និងក្រៅប្រទេស បានបរិច្ចាគថវិកា ដែលកើតចេញពីកម្លាំងញើសឈាមជាបន្តបន្ទាប់ ក្នុងការចូលរួមជាកម្លាំងសាមគ្គី ដើម្បីឱ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

ជាក់ស្តែងរសៀលថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥នេះ នៅសាលបន្ទប់រងចាំ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកាមួយចំនួន ពីលោក ចុងសេង វណ្ណថា និងលោកស្រី សៀ ស៊ុយផេង, លោក សៀវ គិមស៊ុយ និងលោកស្រី លី វុត្ថា, លោក ហុក ជិនឡាយ និងលោកស្រី សៀ សេងជូ, លោក ចាន់ យូអៀង និងលោកស្រី ហ៊ា សុខងីម និងឧបាសិកា ចៅ ម៉ី ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងបារាំង ដែលមានដើមកំណើតចេញពីខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក បានប្រមាណ១៩%ហើយ។

លោក ខូយ រីដា ក៍បានថ្លែងអំណរគុណ ដល់សប្បុរសជន ដែលជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងបារាំងទាំងអស់ ដែលបានចូលរួមជាកម្លាំងសាមគ្គី បរិច្ចាគថវិកាដែលកើតចេញពីកម្លាំងញើសឈាម ទោះតិចក្តី ច្រើនក្តី ដើម្បីឧបត្ថម្ភគាំទ្រ និងបានប្រគល់ជូននាពេលនេះ គឺជាការចូលរួមចំណែកដ៏ធំធេង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។

ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធនរបស់អស់លោក លោកស្រី គឺជាគម្រូដ៏ល្អមួយ និងមានតម្លៃក្នុងសង្គម សម្រាប់ការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តរបស់យើងឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង។ នេះគឺជាសណ្តានចិត្តដ៏ថ្លៃថ្លា និងជាមហាកម្លាំងសាមគ្គី ហើយក៏សង្ឃឹមថាសប្បុរសជននឹងបន្តចូលរួមបន្ថែមទៀត ដើម្បីឱ្យសមិទ្ធផលខាងលើនេះ អាចចេញជារូបរាងឡើង សម្រាប់ជាឧត្តមប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវា។

លោកអភិបាលខេត្តពោធិ៍សាត់ ក៍សូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការ ជូនចំពោះ លោក ចុងសេង វណ្ណថា និងលោកស្រី សៀ ស៊ុយផេង, លោក សៀវ គិមស៊ុយ និងលោកស្រី លី វុត្ថា, លោក ហុក ជិនឡាយ និងលោកស្រី សៀ សេងជូ, លោក ចាន់ យូអៀង និងលោកស្រី ហ៊ា សុខងីម និងឧបាសិកា ចៅ ម៉ី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបជូនថា អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានបណ្តោយ៥៤ ម៉ែត្រxទទឹង២២ម៉ែត្រ កម្ពស់ ៥ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។ អគារនេះ ជាគំនិតផ្តួចផ្តើមរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) រួមទាំងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ បច្ចុប្បន្នអគារនេះ បាននឹងកំពុងសាងសង់យ៉ាងមមាញឹក បានប្រមាណ១៩% ហើយក៏សង្ឃឹមថា សប្បុរសជននឹងបន្តឧបត្ថម្ភគាំទ្រ ដោយកម្លាំងសាមគ្គី ដើម្បីឱ្យសមិទ្ធផលនេះទទួលបានជោគជ័យ ក្នុងការផ្តល់សេវាសុខភាពកាន់តែប្រសើរឡើង ជូនប្រជាពលរដ្ឋ៕




ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)
