ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន ៖ រដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមបំពេញតួនាទី និងទទួលខុសត្រូវ ក្នុងការពង្រឹងភាពស្អាត និងការគ្រប់គ្រងធនធានធម្មជាតិ

ភ្នំពេញ ៖ ការចូលរួម របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហា បរិស្ថាននៅតាមមូលដ្ឋាន ជាពិសេសការចូលរួម ជំរុញសកម្មភាព នៃយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន គឺជាសក្ខីភាពមួយ នៃការអនុវត្តគោលនយោបាយវិមជ្ឈកា និងវិសហមជ្ឈកា ដែលក្រសួងបរិស្ថាន គាំទ្រការជំរុញប្រសិទ្ធភាព នៃការបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តមុខងារវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

លោក បានថ្លែងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តឱ្យបានកាន់តែ ល្អប្រសើរបន្ថែមទៀត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត ដោយធ្វើការទប់ស្កាត់ ការបំពុលបរិស្ថាន នៅលើដី ក្នុងទឹក និងលើមេឃ ពិសេសសម្រេចឱ្យបានជោគជ័យដ៏ឧត្តុង្គឧត្តម បង្កើនគម្របបៃតង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចបៃតង និងការសម្រេចគោលដៅ កម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។

លើសពីនេះ ចលនាស្អាត របស់ប្រជាពលរដ្ឋជាង ១៣លាននាក់ បានបង្ហាញនូវឥរិយាបថវិជ្ជមាន ឈានទៅភាពជោគជ័យ ប្រយុទ្ធប្រឆាំងនឹង សំណល់ប្លាស្ទិក ដើម្បីធានាការរស់នៅរបស់ប្រជាពលរដ្ឋ មានបរិស្ថានស្អាត មានការអភិវឌ្ឍប្រប ដោយចីរភាព។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញ ពីផែនការសកម្មភាព ការរៀបចំតំបន់កោះស្រឡៅ នៅក្នុងខេត្តកោះកុង ជាកោះអព្យាក្រឹតកាបូន នៅឆ្នាំ២០២៦ ខាងមុខ។ ក្រសួងបរិស្ថាន បានសិក្សារួចហើយ និងគ្រោងដាក់ចេញ ផែនការសកម្មភាព សំខាន់ៗ ដូចជាផ្តល់អំពូលសូឡា ជូនប្រជាពលរដ្ឋប្រើប្រាស់ ជំរុញសកម្មភាពកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ផ្តល់ការគាំទ្រហេដ្ឋា រចនាសម្ព័ន្ធ ក្នុងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ផ្តល់ឡដុតសំរាមដើរ ដោយថាមពលពន្លឺ ព្រះអាទិត្យ និងជំរុញការថែរក្សា និងដាំស្តារព្រៃកោងការ ដែលជាសម្បត្តិធម្មជាតិ ជួយឱ្យតំបន់មានភាព ស្រស់ស្អាត ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងជាជម្រក នៃធនធានធម្មជាតិយ៉ាងសំខាន់៕

To Top