អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងចែកសម្ភារៈបន្ទាន់ ជួយដល់ប្រជាពលរដ្ឋ ចំនួន ៥០ គ្រួសារ ដែលទើបមក តាំងទីលំនៅថ្មី
ខេត្តពោធិ៍សាត់÷ នៅរសៀលថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥ នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសម្ភារៈបរិក្ខា និងស្បៀងអាហារ ជាជំនួយបន្ទាន់ ជូនដល់ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ ដែលបានរុះរើលំនៅឋានរួចរាល់ និងកំពុងតាំងទីលំថ្មីនៅ ភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង។

ក្នុងពិធីមនុស្សធម៌នេះ ក៏មានការចូលរួមពីសំណាក់លោកស្រី សេង ហួយ អភិបាលរងក្រុង ដែលបានតំណាង លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ក្នុងការបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រដល់កិច្ចការងារដោះស្រាយផលប៉ះពាល់ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានថ្លែងផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តរក្សាអនាម័យ និងខិតខំកសាងជីវភាព គ្រួសារនៅទីតាំងថ្មីនេះ ប្រកបដោយក្តីសង្ឃឹម និងការទទួលខុសត្រូវខ្ពស់។

សម្ភារៈបរិក្ខារ និងស្បៀងអាហារដែលបានចែកជូនដល់គ្រួសារនីមួយៗ រួមមាន៖ អង្ករ ២៥ គីឡូក្រាម, ទឹកត្រី ៣ ដប, ទឹកស៊ីអ៉ីវ ៣ ដប, និងតង់សម្រាប់បាំងជម្រក ១ ។ ជំនួយទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រាលការលំបាក និងការចំណាយ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលចាប់ផ្តើមជីវិតថ្មី។

ប្រជាពលរដ្ឋទាំង ៥០ គ្រួសារ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់ និងការចាត់ចែងរបស់ថ្នាក់ដឹកនាំខេត្ត និងក្រុង ដែលបានចុះមកដល់ទីតាំងផ្ទាល់ និងផ្តល់នូវជំនួយដ៏ចាំបាច់នេះ៕


រូបភាព÷រដ្ឋបាល ខេត្តពោធិ៍សាត់/ដោយ÷ ហ៊ុន ធឿន/ដើមអម្ពិល
