ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ទន្លេមេគង្គ-ឡានឆាង គឺជាប្រភេពនៃជីវិត និងជាអត្តសញ្ញាណនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ

សៀមរាប ៖ ក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃទន្លេមេគង្គ-ឡានឆាង គឺជាប្រភពនៃជីវិត និងជាអត្តសញ្ញាណ នៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ត្រូវបន្តរួមគ្នាធានា ឱ្យបានសុខសន្តិភាព និងសុវត្ថិភាព តាមរយៈការលុបបំបាត់នូវមរតកសង្គ្រាម និងកសាងនូវក្តីសង្ឃឹម និងអនាគតសម្រាប់ប្រជាជនក្នុងតំបន់។

លោក លី ធុជ ថ្លែងទៀតថា កម្ពុជា រួមទាំងប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលជាទីកត់សម្គាល់ក្នុងសកម្មភាពមីន ក៏ប៉ុន្តែការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន ដែលទាមទារឱ្យបង្កើនកិច្ចសហប្រតិបត្តិការតំបន់កាន់តែខ្លាំងក្លា។

ក្នុងនាមជាម្ចាស់ផ្ទះ លោកទេសរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ជូនចំពោះបណ្តាប្រទេស ក្នុងតំបន់មេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធ សកម្មភាពមីន ដែលបានបង្ហាញពីឆន្ទៈក្នុងការបង្កើន កិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មួយ ដែលមិនមានផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់កម្ពុជា ដែលជាប្រទេសគំរូនិង ឈានមុខគេ ក្នុងការជំរុញ ឱ្យមានការប្តេជ្ញាចិត្តរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងសកម្មភាពមីនសកល ដើម្បីឈានទៅលុបបំបាត់ នូវទុក្ខវេទនារបស់មនុស្សជាតិបង្កឡើងដោយសារមីន តាមរយៈការដាក់ចេញនូវសេចក្តីថ្លែងការ និងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់សកម្មភាពមីនសកល។

តាងនាមឱ្យ រាជរដ្ឋាភិបាលកម្ពុជា លោក ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងទូទាំងពិភពលោក ក៏ដូចជារួមចំណែកក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីសកម្មភាពមីន នៅក្នុងតំបន់មេគង្គ-ឡានឆាង គឺជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង។

To Top