រដ្ឋបាលខេត្តកំពង់ធំ ប្រារពខួប២១ព្រះវស្សា នៃការយាងគ្រង ព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ
កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ ប្រារពខួបលើកទី២១នៃការឡើងគ្រងព្រះបរមសិរី រាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានពីលោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អស់លោកលោកស្រីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ព្រះសង្ឃ កងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការជាច្រើននាក់ក៏បានចូលរួមក្នុងឱកាសនោះផងដែរ ។

លោក នួន ផារ័ត្ន បានថ្លែងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍០១កើត ខែ អស្សុជ ឆ្នាំវក ឆស័ក ព.ស ២៥៤៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៤ ហើយសម្រេចយកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។

លោក បានបញ្ជាក់បន្ថែមទៀតថាក្នុងព្រះបរមនាមជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌ និងព្រះរាជតម្រិះគតិបណ្ឌិតដ៏ឈ្លាសវៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជ សកម្មភាពដ៏ឧត្តុង្គឧត្តមបម្រើជាតិមាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ៕


ដោយ៖ សំនៀង
