ព័ត៌មានជាតិ

បេសកកម្មពង្រឹងកម្លាំងបក្សនៅនូវ៉ែលហ្សេឡង់៖ បណ្ឌិត កៅ ថាច នាំសារបង្រួបបង្រួមពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណកម្មាធិការសាខាបក្ស និងយុវជនគណបក្ស ប្រចាំទីក្រុងអូក្លិន

នូវ៉ែ​លហ្សេឡង់៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥
លោកបណ្ឌិត កៅ ថាច សមាជិកគណកម្មការកណ្តាល និងជាប្រធានក្រុមការងារតំបន់៥ នៃគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត គឹម សន្តិភាព បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពគណកម្មាធិការសាខាបក្ស និងសមាសភាពយុវជនគណបក្សប្រចាំទីក្រុងអូក្លិន។ វត្តមានរបស់ឯកឧត្តមមិនត្រឹមតែជាការរៀបចំរចនាសម្ព័ន្ធទេ តែជាការបញ្ជាក់ពី ឆន្ទៈមិនរង្គោះរង្គើ របស់បក្សក្នុងការបន្តភារកិច្ចការពារសន្តិភាព និងស្ថេរភាព ជូនជាតិ។

ថ្លែងក្នុងអង្គពិធី លោកបណ្ឌិត កៅ ថាច បាននាំមកនូវក្តីនឹករលឹក និងសារសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ទៅដល់បងប្អូនសមាជិក សមាជិកាទាំងអស់ ដែលជា “ទូតសុឆន្ទៈនយោបាយ” ដ៏សំខាន់របស់បក្សនៅក្រៅប្រទេស។

1- មេរៀនប្រវត្តិសាស្ត្រនៃការលះបង់ដើម្បីជាតិ
លោកបណ្ឌិត កៅ ថាច បានរំលេចឡើងនូវទំព័រប្រវត្តិសាស្ត្រដែលពោរពេញដោយការលះបង់៖

  • ពីការតស៊ូរហូតដល់ទទួលបានសន្តិភាពជាប្រវត្តិសាស្ត្រ៖ ឯកឧត្តមបានរំលឹកអំពីដំណើរតស៊ូដ៏លំបាកវេទនា និងពលិកម្មបូជាជីវិត របស់ថ្នាក់ដឹកនាំគណបក្ស ដើម្បីរំដោះប្រទេសចេញពីអន្លង់មរណៈ។ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាព ដែលកម្ពុជាកំពុងរីករាយ គឺជា “ទ្រព្យសម្បត្តិដ៏ពិសិដ្ឋ” ដែលកសាងឡើងដោយការតស៊ូមិនខ្លាចស្លាប់របស់គណបក្សប្រជាជនកម្ពុជា។
  • ការពារបូរណភាពដែនដីដោយបេះដូងជាតិនិយម៖ លោកបណ្ឌិតបានអំពាវនាវឲ្យបងប្អូនទាំងអស់ចងចាំនូវគុណូបការៈរបស់ បងប្អូនកងទ័ព វីរៈយុទ្ធជន ដែលបាននិងកំពុងឈរជើងយ៉ាងម៉ឺងម៉ាត់នៅតាមព្រំដែន។ ការលះបង់របស់ពួកគេគឺជា “ខែលដែក” ការពាររាល់ចំណុចទាំងអស់នៃ បូរណភាពដែនដី ពីការរំលោភបំពាន ដែលជាលក្ខខណ្ឌចម្បងនៃស្ថិរភាព ជាតិ។
  • កេរដំណែលនយោបាយឈ្នះ-ឈ្នះ៖ លោកបណ្ឌិតបានលើកតម្កើងស្នាដៃរបស់សម្តេចតេជោ ដែលបានលុបបំបាត់ទាំងស្រុងនូវភ្លើងសង្គ្រាមស៊ីវិល តាមរយៈនយោបាយឈ្នះ-ឈ្នះ។ ស្នាដៃនេះបានចាក់គ្រឹះដ៏រឹងមាំ មិនអាចរង្គោះរង្គើបាន សម្រាប់ការចាប់ផ្តើមដំណើរការមហាអភិវឌ្ឍន៍ របស់ប្រទេស។

2-ទិសដៅអភិវឌ្ឍន៍ក្រោមការដឹកនាំយុគសម័យថ្មី

  • កម្ពុជាក្រោមចក្ខុវិស័យសម្តេចធិបតី៖ លោកបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី កំពុងជំរុញការកែទម្រង់យ៉ាងខ្លាំងក្លា និងស៊ីជម្រៅ។ សមិទ្ធផល ទាំងនេះបានបង្ហាញថា កម្ពុជាកំពុងបង្កើនល្បឿនយ៉ាងលឿនឆ្ពោះទៅរកគោលដៅប្រទេសចំណូលខ្ពស់ ដោយមានការរីកចម្រើនប្រកបដោយបរិយាបន្ន។
  • កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ៖ លោកបណ្ឌិតបានរំលេចពីភាពប៉ិនប្រសប់ក្នុងការទូត ដោយលើកឡើងពី កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការ បិទបញ្ចប់ជម្លោះអូសបន្លាយ និងបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសជិតខាង ក្នុងស្មារតី ការគោរព និងផលប្រយោជន៍រួម។

3-សារអំពាវនាវបេះដូងជាតិនិយមនៅក្រៅប្រទេស

  • ជាតិនិយម និងគាំទ្រផលិតផលខ្មែរ៖ លោកបណ្ឌិតបានអំពាវនាវដោយស្មារតីស្នេហាជាតិ ដល់បងប្អូនខ្មែរនៅអូក្លិនទាំងអស់ បន្តដុតបញ្ឆេះស្មារតីជាតិនិយម ឱ្យបានរស់រវើក ដោយចូលរួមយ៉ាងសកម្មក្នុងការ ប្រើប្រាស់ ផ្សព្វផ្សាយ និងក្លាយជាអ្នកតំណាងផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ។ “រាល់ការទិញផលិតផលខ្មែរមួយមុខ គឺស្មើនឹងការកសាងស្ពានថ្មមួយខ្សែនៅកម្ពុជា”។
  • ការអញ្ជើញវិនិយោគដោយក្តីទុកចិត្ត៖ លោកបណ្ឌិតបានអំពាវនាវយ៉ាងទទូចដល់បងប្អូនខ្មែរនៅអូក្លិន “សូមចូលរួមវិនិយោគនៅកម្ពុជា”។ នេះជាឱកាសមាសដើម្បីទាញយកផលប្រយោជន៍ពីបរិយាកាសវិនិយោគដ៏ទាក់ទាញ និងច្បាប់គាំទ្រច្បាស់លាស់ ដែលធានាដោយសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ។

4-ការតម្រង់ទិស និងការប្តេជ្ញាចិត្តដ៏មុតមាំ
ជាចុងបញ្ចប់ លោកបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ទៅកាន់សមាជិកគណៈកម្មាធិការសាខាបក្ស និងយុវជន ទាំងអស់៖

  • របៀបរបបបំពេញការងារដែលមានប្រសិទ្ធភាព៖ ណែនាំឲ្យថ្នាក់ដឹកនាំថ្មីធ្វើការងារដោយមានតម្លាភាព ភាពស្មោះត្រង់ និងស្មារតីរួបរួម ជាធ្លុងមួយ គោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍របស់គណបក្ស ដើម្បីបម្រើផលប្រយោជន៍ជាតិ និងបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
  • ភក្តីភាពមិនអាចកាត់ថ្លៃបាន៖ លោកបណ្ឌិតស្នើសុំឲ្យសមាជិក សមាជិកាទាំងអស់ត្រូវមានភក្តីភាពដាច់ខាតចំពោះគណបក្ស ដែលជាអ្នកបង្កើត និងការពារ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ភាពស្មោះត្រង់នេះគឺជាកម្លាំងស្នូល ក្នុងការបន្តការពារសមិទ្ធផលជាតិ ទាំងអស់នេះឲ្យបានគង់វង្សតទៅមុខទៀត។
To Top