ព័ត៌មានជាតិ

បិទចរាចរយាន យន្តគ្រប់ប្រភេទ ធ្វើដំណើរលើកំណាត់ផ្លូវ ខេត្តលេខ 3KRT24 ក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល បន្ទាប់ពីស្ពានអូរឆ្លូង បានបាក់ដោយសារ រថយន្តធុនធំ

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តី ជូនដំណឹងស្តីពី ការបិទចរាចរយានយន្ត គ្រប់ប្រភេទធ្វើដំណើរ លើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានជម្រាបជូនដំណឹង ដល់សាធារណជន ធ្វើដំណើរតាមដងផ្លូវខេត្តលេខ 3KRT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ថា «ស្ពានអូរឆ្លូង ជាប្រភេទស្ពានកម្រាលដែកបេឡេត៍ ប្រវែង ៣៩ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ត្រង់គ.ម ០១+៥២០ ស្ថិតនៅ ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានបាក់ទាំងស្រុង ដោយសាររថយន្តធុនធំ ដឹកកសិផលដំឡូងឆ្លងកាត់»។

ដើម្បីបញ្ចៀសការធ្វើចរាចរណ៍ឆ្លងកាត់ និងគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តក្រចេះ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន យានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់តាមទីតាំងស្ពាន អូរឆ្លង និងសូមធ្វើដំណើរតាមផ្លូវវាង ឈ្មោះផ្លូវ១០៧ ស្ថិតក្នុងភូមិ១០៤ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល រហូតដល់ ការជួសជុលស្ពានបាន រួចរាល់ឡើងវិញ ៕

To Top