គណៈប្រតិភូកម្ពុជា នៅ IPU មិនដែលស្នើសុំជួប គណៈប្រតិភូថៃនោះទេ
ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសន្និបាតសហភាពអន្តរសភា (IPU) មិនដែលបានស្នើសុំ ជួបជាមួយគណៈប្រតិភូថៃនោះទេ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យព្រឹទ្ធសភា ឆ្លើយតបទៅនឹងការចោទប្រកាន់របស់កាសែត The Nation ថៃដែលផ្សាយព័ត៌មាន មិនពិតមកលើសម្តេច ឃួន សុដារី នាថ្ងៃ២៩ តុលា បានឲ្យដឹងថា ភាគីកម្ពុជាក្រើនរំលឹក និងបញ្ជាក់ម្តងទៀត ទៅភាគីថៃថា គណៈប្រតិភូកម្ពុជា មិនដែលបានស្នើសុំឱ្យមានជំនួបណាមួយ ជាមួយគណៈប្រតិភូថៃទេ ដោយហេតុថា មិនមានអ្វីត្រូវពិភាក្សាជាមួយ ហើយក៏គ្មានអាណត្តិ ដើម្បីជួបពិភាក្សានោះដែរ ។
សេចក្តីប្រកាសបញ្ជាក់ថា The Nation របស់ប្រទេសថៃបានផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈប្រតិភូ ព្រឹទ្ធសភាកម្ពុជានៅសន្និបាត សហភាពអន្តរសភា (IPU) លើកទី១៥១ ជាពិសេសក្នុងអត្ថបទរបស់ខ្លួនចុះថ្ងៃទី២៩ តុលា មានចំណងជើងថា “លោកជំទាវ យួន សុដារី នាំមុខលោក វ៉ាន់មូហាម៉ាត់ន័រ ម៉ាក់ថា នៅប្រទេសហុងគ្រី សម្រាប់ការពិភាក្សា លើកិច្ចព្រមព្រៀងសន្តិភាពព” ។
តាមរយៈការផ្សព្វផ្សាយព័ត៌មាន មិនពិតជាបន្តបន្ទាប់ សារព័ត៌មាន The Nation បានបំផ្លាញ តម្លៃនៃសច្ចភាព ការសន្ទនា និងសន្តិភាព ដែលទាំងប្រទេសកម្ពុជា និងប្រទេសថៃ បានអះអាងថាជា គុណតម្លៃដែលប្រទេសទាំងពីរប្រកាន់ខ្ជាប់ ដូចដែលបានបង្ហាញឲ្យឃើញ តាមរយៈការចុះហត្ថលេខា រវាងប្រទេសទាំងពីរ លើសេចក្តីប្រកាសរួមនៅថ្ងៃទី២៦ តុលា ឆ្នាំ៕
